(ភ្នំពេញ)៖ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងភរិយា គឺលោកស្រី Kim Jung-sook បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ការអញ្ជើញមកដល់ប្រទេសកម្ពុជា នៅថ្ងៃដំបូងនោះ លោកប្រធានាធបិតីកូរ៉េខាងត្បូង ដែលចូលកាន់តំណែងកាលពីឆ្នាំ២០១៧ មានកម្មវិធីតែ២ប៉ុណ្ណោះ នោះគឺជួបសំណេះសំណាលជាមួយវិនិយោគិន និងពលរដ្ឋកូរ៉េ ក្នុងសហគមន៍កូរ៉េនៅកម្ពុជា និង ពិសារបាយពេលល្ងាចជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសណ្ឋាគារ The Great Duke រាជធានីភ្នំពេញ ដែលពិធីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងភរិយាលោកប្រធានាធិបតី ក៏បានចូលរួមដែរ។
នៅក្នុងពិធីសំណេះសំណាលជាមួយ វិនិយោគិនកូរ៉េ អ្នកសារព័ត៌មានមិនបានអនុញ្ញាតឱ្យចូលទេ។ ដោយឡែកក្នុងពិធីពិសារបាយពេលល្ងាច នៅសណ្ឋាគារ The Great Duke សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យលោក មូន ចេអ៉ិន ជំរុញដល់វិនិយោគិនក្នុងស្រុករបស់កូរ៉េខាងត្បូង ដើម្បីទិញកសិផលពីប្រទេសកម្ពុជា។ ឆ្លើយតបនឹងសំណើនេះ លោកប្រធានាធិបតី មូន ចេអ៉ិន ក៏បានសន្យាជំរុញអ្នកវិនិយោគសាធារណរដ្ឋកូរ៉េ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឲ្យកាន់តែមានចំនួនច្រើនឡើងថែមទៀត ដើម្បីធ្វើការនាំចេញនូវមុខទំនិញ ដែលជាកសិផលកសិកម្ម ឧស្សាហកម្ម ពីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ និងទៅកាន់ទីផ្សារអន្តរជាតិ។
លុះព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោកប្រធានាធបិតីកូរ៉េខាងត្បូង បានអញ្ជើញចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ដោយក្នុងនោះ ព្រះមហាក្សត្រកម្ពុជា បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជូនលោកប្រធានាធិបតីជាផ្លូវការផងដែរ។ បន្ទាប់ពីនោះលោកបានបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ព្រមទាំងបានគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ។
បន្ទាប់ពីបញ្ចប់ពិធីទាំងនេះ នៅវេលាម៉ោង១១៖០០ ថ្ងៃដដែលនោះលោកប្រធានាធិបតី បានទៅកាន់វិមានសន្តិភាព ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ មេដឹកនាំទាំងពីរ ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ផងដែរ មុននឹងរៀបចំសន្និសីទសារព័ត៌មានរួមគ្នា។ ឯកសារទាំង៥នោះរួមមាន៖
១៖ កិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ 2019-2023 ចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី កាង ឃ្យូងវ៉ា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ ។
២៖ អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា ចុះហត្ថលេខាដោយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា និងលោក សង់ យូនម៉ូ រដ្ឋមន្ត្រីពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលកូរ៉េ ។
៣៖ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចុះហត្ថលេខាដោយលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៉ឺន សង់ស៊ូប្រធានធនាគារនីហរ័ណ-អហរ័ណកូរ៉េ ។
៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគពីកូរ៉េ ចុះហត្ថលេខាដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ក្វន់ ភ្យង់អូ ប្រធាន និងជានាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ។
៥៖ អនុស្សារណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិតសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គមសាស្ត្រ នៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង លោក សង់ ឃ្យុងរ៉្យុង ប្រធានក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមកូរ៉េ។
នៅក្នុងសន្និសីទរួមរវាងមេដឹកនាំទាំងពីរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅក្នុងជំនួបទ្វេភាគីនោះ មេដឹកនាំទាំងពីរបានឯកភាពគ្នា ខិតខំប្រឹងប្រែងពង្រឹកទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយបើកទីផ្សារឱ្យកាន់តែទូលាយជាងមុន សម្រាប់ផលិតផលកម្ពុជា ជាពិសេសផលិតផល ផលិតផលកសិកម្ម ដើម្បីបង្កើតទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសក្តិសមនឹងសក្តានុពល។
លោក មូន ចេអ៉ិន បានបង្ហាញការប្តេជ្ញាក្នុងការជំរុញវិនិយោគិនកូរ៉េ មកកាន់ប្រទេសកម្ពុជា។ ជាមួយគ្នានេះលោកបានអះអាងថា ក្នុងជំនួបជាមួយសម្តេចតេជោ ភាគីទាំងពីរ បានពិភាក្សាគ្នាជំរុញពន្លឿនការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិ ដើម្បីជំរុញការរីកចម្រើនបន្ថែមទៀតដល់ប្រទេសកម្ពុជា។ លោកបានមើលឃើញថា កន្លងមកនេះមានក្រុមហ៊ុនជាច្រើន បានមកកាន់ប្រទេសកម្ពុជាដើម្បីវិនិយោគ។
បន្ទាប់ពីបញ្ចប់សន្និសីទ នៅវេលាម៉ោងប្រមាណ១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និង លោក មូន ចេអ៉ិន ក៏បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងនៅវិមានសន្តិភាព។ វេទិកានេះមានការចូលរួមពីក្រុមវិនិយោគទុនកូរ៉េ និងកម្ពុជាជាច្រើនរូប ដែលក្នុងនោះមានវត្តមាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
រហូតដល់យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោក មូន ចេអ៉ិន បានអញ្ជើញចូលរួម ព្រះរាជពិធីលៀងសាយភោជន៍ ដែលរៀបចំដោយព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង ដែលពិធីនោះ ក៏មានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា រួមទាំងឥស្សរជនកម្ពុជាផងដែរ។
បន្ទាប់ពីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញរួចមក នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដែលជាថ្ងៃចុងក្រោយនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ លោក មូន ចេអ៉ិន និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់កូរ៉េ បានឆ្លៀតអញ្ជើញទៅទស្សនាប្រសាទបុរាណនានារបស់ខ្មែរ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ប្រទេសកម្ពុជា។ រហូតដល់វេលាម៉ោងប្រមាណ១៖១០នាទីរសៀល ទើបលោកហោះតាមជើងយន្តហោះពិសេសមករាជធានីភ្នំពេញវិញ ដើម្បីចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសកូរ៉រេខាងត្បូង។ លោក មូន ចេអ៉ិន ប្រធានាធិបតី ទី១២ របស់សាធារណរដ្ឋកូរ៉េ បានចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង០២៖១០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩៕
ខាងក្រោមនេះជាកម្រងរូបភាពរបស់ លោក មូន ចេអ៉ិន (Moon Jae-in) និងភរិយា ជុំវិញដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅកម្ពុជា៖
ប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញមកដល់ទឹកដីប្រទេសកម្ពុជា
សម្តេចតេជោ ហ៊ុន សែន និង ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលទានអាហាររួមគ្នា នៅសណ្ឋាគារ The Great Duke
ប្រធានាធិបតី លោក មូន ចេអ៉ិន (Moon Jae-in) កូរ៉េខាងត្បូង និងភរិយា ចូលគាល់ព្រះមហាក្សត្រកម្ពុជា
លោក មូន ចេអ៉ិន បំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីកូរ៉េ នៅវិមានសន្តិភាព
ពិធីចុះហត្ថលេខាលើឯកសារចំនួន៥ រវាងមេដឹកនាំកម្ពុជា និងកូរ៉េខាងត្បូង នៅវិមានសន្តិភាព
វេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ
ព្រះរាជពិធីលៀងសាយភោជន៍ ដែលរៀបចំដោយព្រះមហាក្សត្រកម្ពុជា ដើម្បីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង
លោក មូន ចេអ៉ិន និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់កូរ៉េ បានឆ្លៀតអញ្ជើញទៅទស្សនាប្រសាទបុរាណនានារបស់កម្ពុជា
លោក មូន ចេអ៉ិន និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូង ចាកចេញពីកម្ពុជា