(ភ្នំពេញ)៖ លោក ហេង ម៉េងហូ ប្រធានក្រុមហ៊ុនសេវាសន្តិសុខ Libra បានលើកឡើងថា បុគ្គលិកសន្តិសុខរបស់លោកទាំងអស់ ត្រូវតែចេះសង្រ្គោះបឋម។ លោកលើកឡើងថា ការងារសន្តិសុខនេះមិនត្រឹមតែការពារសុវត្ថិភាព នោះទេ ការងារសំខាន់ទៀតគឺការងារសង្គ្រោះបឋម ព្រោះតែជីវិតមនុស្សម្នាក់គឺអាចនឹងបាត់បង់ ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ បើយើងមិនមានជំនាញច្បាស់លាស់ក្នុងការជួយដល់ពួកគាត់។

ប្រធានក្រុមហ៊ុនសេវាសន្តិសុខ Libra បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញអ្នកជំនាញខាងវិធីសង្គ្រោះបឋម មកពី Singapore លោក Andrew Tay មកបង្រៀនដល់បុគ្គលិក ក្រុមហ៊ុនសេវាសន្តិសុខ Libra ឱ្យចេះបន្ថែមនូវជំនាញនេះកាន់តែច្បាស់ ដើម្បីអាចជួយសង្រោះជីវិតមនុស្សបានទាន់ពេលវេលា ក្នុងអំឡុងពេលបំពេញការងារ។

លោក ហេង ម៉េងហូ បានថ្លែងថា រុមហ៊ុន Libra បានចាប់ដៃជាមួយនឹងដៃគូផ្ដល់ការអនុវត្ត ទៅលើបុគ្គលិកទាក់ទងនឹងការសង្គ្រោះបឋមនេះ គឺព្រោះតែវាពិតជាមានសារៈសំខាន់ សម្រាប់មនុស្សទូទៅ ហើយយើងក៏ចង់ផ្ដល់ជំនាញបន្ថែមមួយនេះទៀត ទៅដល់បុគ្គលិករបស់យើងឱ្យគាត់បានដឹង និងអាចជួយសង្គ្រោះជីវិតរបស់មនុស្សបានថែមទៀតផង។

លោកបានបន្ថែមទៀតថា បើសិនជាមានមនុស្ស ៨០០នាក់ មានជំនាញសង្គ្រោះបឋមនេះ ពួកគាត់អាចយកទៅបង្រៀនអ្នក ដែលនៅក្បែរៗគាត់បន្ថែមទៀត នោះនឹងមានអ្នកដែលចេះវិធីសង្គ្រោះបឋមនេះ កាន់តែច្រើនឡើងៗផងដែរ ហើយលើសពីនេះទៀតនោះ បើសិនជានៅកន្លែងធ្វើការមួយ ហើយដាក់កម្លាំងសន្តិសុខក្រុមហ៊ុនសេវាសន្តិសុខ Libra គឺពួកគាត់នឹងនៅក្បែរគ្នា ហើយអាចជួយជីវិតរបស់មនុស្ស បានយ៉ាងច្រើនទាន់ពេលវេលាផងដែរ ព្រោះវាគឺជាកិច្ចការដ៏ចាំបាច់មួយ ដែលអាចឲ្យពលរដ្ឋខ្មែរយើង ជាពិសេសខាងសន្តិសុខមានជំនាញនេះច្បាស់លាស់ផងដែរ។

លោកបានបន្ថែមថា ជាក់ស្តែងនៅពេលនេះក្រុមហ៊ុនលោកបានអញ្ជើញ លោក Andrew Tay ជាអ្នកដែលមានជំនាញច្បាស់ខាងវិធីសង្គ្រោះបឋមនេះ បានមកធ្វើការផ្ដល់ការបណ្ដុះបណ្ដាលបន្ថែមទៀត លើការងារទាំងអស់នេះដោយផ្ទាល់ និងមានការអនុវត្តផ្ទាល់ផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុនសេវាសន្តិសុខ Libra នាពេលបច្ចុប្បន្ននេះ គឺមានសេវាសន្តិសុខ នៅតាមគោលសំខាន់ៗជាង ២០០គោលដៅ ដែលមាននៅតាមបណ្តាក្រុមហ៊ុន ផ្សារទំនើប រោងចក្រសហគ្រាស សណ្ឋាគារ និងកន្លែងផ្សេងៗទៀតជាច្រើន។ លើសពីនេះទៀតនោះ ក្រុមហ៊ុនសេវាសន្តិសុខ Libra ក៏ជាក្រុមហ៊ុនសេវាសន្តិសុខ ដែលទទួលបានវិញ្ញាបនបត្រ ដែលទទួលស្គាល់ពីអន្តរជាតិផងដែរ៕