(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំង។

ការប្រារព្ធពិធីបុណ្យទន្លេត្រូវបានរៀបចំធ្វើឡើងលើកដំបូង នៅខេត្តក្រចេះក្នុងឆ្នាំ២០១៥, លើកទី២ ធ្វើឡើងនៅខេត្តកំពង់ចាម (រាប់ទាំងខេត្តត្បូងឃ្មុំ), លើកទី៣ ធ្វើឡើងនៅខេត្តស្ទឹងត្រែង លើកទី៤ ធ្វើឡើងនៅខេត្តកណ្ដាល និងលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ។ ពិធីបុណ្យនេះធ្វើឡើងក្នុងគោលបំណងធំជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនទេសចរ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តម្ចាស់ផ្ទះ ពិសេសបំផុសស្មារតីចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ក្នុងក្របខណ្ឌជាតិ និង «ចលនាទីក្រុងទេសចរណ៍ស្អាតអាស៊ាន»។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចជាមួយភរិយា សម្ដែងនូវការសប្បាយរីករាយ ដែលបានចូលក្នុងពិធីបើកបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង ​

* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមកម្មវិធីបុណ្យទន្លេ។

* សម្ដេចតេជោ ហ៊ុន សែន​ បានថ្លែងថា តំបន់ដែលត្រូវរៀបចំពិធីបុណ្យទន្លេ ឬបុណ្យសមុទ្រ ប្រជាពលរដ្ឋជាច្រើនពិតជាបានទទួលផលប្រយោជន៍ពីកម្មវិធីទាំងអស់នេះ

* សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បុណ្យទន្លេទី៥នេះ ក្រោម​ប្រធានបទ «ទន្លេផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ត្រូវបានធ្វើឡើងលើកទី១ តាមដងទ​ន្លេសាប ដែលជាទន្លេមួយដ៏ធំរបស់កម្ពុជា។

* សម្ដេចតេជោនាយករដ្ឋមន្ដ្រី បន្ដរំលឹកឡើងវិញថា គោលបំណងនៃការរៀបចំបុណ្យទន្លេ សម្ដៅបំផុសស្មារតីដើម្បីឲ្យប្រជាពលរដ្ឋស្រលាញ់ទន្លេ ដែលបម្រើដល់វិស័យជាច្រើនជូនប្រជាជនកម្ពុជា ហើយបុណ្យគឺមានគោលបំណងជាក់លាក់ណាស់ មិនមែនជាបុណ្យធម្មតានោះទេ

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ​ទន្លេរបស់យើងមិនមានត្រីតទៅទៀតនោះទេ ប្រសិនបើប្រជាពលរដ្ឋប្រើប្រាស់មិនចំគោលដៅ

* សម្ដេចបានថ្លែងថា រឿងបាក់ច្រាំងទន្លេដោយសារផ្លាស់ប្ដូរចរន្ដទឹក ជាបញ្ហាប្រឈមធំ​ដែលនៅតែម្ដងបន្ដកើតមាន ដែលបញ្ហានេះធ្លាប់ពីអតីតកាល ហើយបន្ដរហូតមកដល់សព្វថ្ងៃនេះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបូម ទន្លេដែលគោករាក់ និងទប់ការបាក់ច្រាំងនៅឡើយនោះទេ។

* ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា យើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការបាំងច្រាំងនៅឡើយទេ ដែលកម្ពុជាកំពុងតែខិតខំបន្ថែមទៀតលើបញ្ហានេះ។

* នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សា និងស្រឡាញ់ ទឹកទន្លេ បឹងបួរ ហើយត្រូវទាញយកផលប្រយោជន៍ពីទឹកទន្លេ និងបឹងបួរ។

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីអតីតកាលត្រីនៅក្នុងទន្លេច្រើន ប៉ុន្ដែប្រជាពលរដ្ឋតិច ហើយឥលូវប្រជាពលរដ្ឋច្រើន តែត្រីក្នុងទន្លេតិច ដែលត្រូវឲ្យប្រជាពលរដ្ឋចូលរួមស្រលាញ់ទន្លេ និងស្រលាញ់ធនធានធម្មជាតិ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋសន្សំសំចៃការប្រើប្រាស់ទឹក ខណៈអាកាសធាតុមានការប្រែប្រួលក្តៅខ្លាំងនៅឆ្នាំនេះ។ ការប្រែប្រួលអាកាសធាតុ មិនមែនប៉ះពាល់តែកម្ពុជាទេ ប៉ុន្ដែប៉ះពាល់តំបន់ទាំងមូលតែម្ដង។

* សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សុំការយោគយល់និងអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនី, នេះជាការសុំអង្វរករពីនាយករដ្ឋមន្រ្តី ហ៊ុន សែន

* សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់បណ្តាក្រុមហ៊ុន និងអាជីវករ ដែលមានម៉ាស៊ីនភ្លើង អាចប្រើប្រាស់ដើម្បីកាត់បន្ថុយការប្រើប្រាស់អគ្គិសនី ខណៈដែលកំពុងខ្វះខាត៤០០មេហ្គាវ៉ាត់

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកង្វះភ្លើងរហូតដល់៤០០មេកាវ៉ាត់ មានទំហំធំណាស់ ហើយកម្ពុជាអាចខ្វះលើសពីនេះបន្ថែមទៀត ដូច្នេះសូមប្រជាពលរដ្ឋត្រូវចូលរួម សន្សំថាមពលទាំងអស់គ្នា

* ក្នុងឋានៈជានាយករដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងអាជីវករទាំងអស់ ត្រូវបញ្ចេញ ឬទិញម៉ាស៊ីនភ្លើងប្រើប្រាស់បណ្ដោះអាសន្ន

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងតែខិតខំដើម្បីដោះស្រាយលើបញ្ហាអគ្គិសនីនេះ ព្រោះធម្មជាតិមិនអត់ឱនឲ្យយើងនោះទេ។

* សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មិនថាតែទន្លេនោះទេ សូម្បីតែស្ទឹងមួយចំនួន កំពុងតែជួបប្រទះបញ្ហាអនាម័យទាំងអស់ ដែលបណ្ដាលមកពីការចាក់កាកសំណល់ ឬបង្ហូរទឹកស្អុយចូល ​

* សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងសូមឲ្យប្រជាពលរដ្ឋភ្ញាក់រលឹក មិនត្រូវបោះចោលកាកសំណល់ចូលក្នុងទន្លេ បឹង បួរ បន្ដទៀតនោះទេ។ យើងត្រូវខិតខំរួមគ្នា ធ្វើយ៉ាងណាកុំឲ្យទឹកត្រូវបានបំពុលដោយកាកសំណល់​

​* ជាថ្មីម្ដងទៀត សម្ដេចតេជោនាយករដ្ឋមន្ដ្រី ប្រាប់ឲ្យពលរដ្ឋត្រូវការពារសន្ដិភាពឲ្យខាងតែបាន ដើម្បីកុំឲ្យទន្លេក្លាយទៅជាទន្លេដែលរងគ្រោះដូចអតីតកាល

* សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា នៅកំពង់ឆ្នាំងនេះពីមុនជាតំបន់វាយប្រហារគ្នា បានបែរក្លាយពីទៅជាកន្លែងទីប្រជុំរួមគ្នារស់នៅយ៉ាងសុខសប្បាយ និងការរកស៊ីជួញដូរ រួមទាំងដីធ្លីឡើងថ្លៃទៀតផង

​* សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋទូទាំងប្រទេស ត្រូវមើលឲ្យឃើញតម្លៃនៃសុខសន្ដិភាព ហើយត្រូវរក្សាតម្លៃនៃនយោបាយឈ្នះឈ្នះ, ព្រោះគ្មានសន្ដិភាព យើងមិនអាចធ្វើអ្វីបាននោះទេ សូម្បីតែនៅក្នុងផ្ទះ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវតែរក្សាសន្តិភាព និងរក្សានូវយុទ្ធសាស្រ្តឈ្នះឈ្នះ ដែលរក្សាសន្តិភាពដល់ប្រទេសជាតិ

* សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យទប់ស្កាត់ការបូបខ្សាច់អាណាធិបតេយ្យ នេសាទខុសច្បាប់ កាប់ព្រៃលិចទឹក​

* សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កុំសម្លាប់មេមាន់ដើម្បីឆ្ងាញ់មួយពេល ត្រូវទុកមេមាន់ដើម្បីទាញយកប្រយោជន៍ដើម្បីរស់ ដូចជាស៊ុត និងអ្វីផ្សេងៗ

* សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ ឲ្យអ្នកពាក់ព័ន្ធខិតខំអភិវឌ្ឍន៍វិស័យទេចរណ៍តាមទីក្រុង ទីប្រជុំជន មាត់ទន្លេ ដោយត្រូវយកទេសចរណ៍ទាញផ្នែកដទៃ

* សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ថ្លែងថា នៅតាមបណ្ដាខេត្តនីមួយៗត្រូវប្រើប្រាស់ចំណុចទាំងឡាយ ដើម្បីទាញយកវិស័យទេសចរណ៍។ ជាក់ស្ដែងខេត្តកំពង់ឆ្នាំង តំបន់មួយចំនួនត្រូវពង្រីកឲ្យទៅជាកន្លែងទេសចរណ៍

* រឿងទេសចរណ៍នៅខេត្តព្រះសីហនុធ្លាក់ចុះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតាមបណ្ដាខេត្តផ្សេងៗទៀត មានទេសចរណ៍កើនឡើង ដូច្នេះហើយសូមមើលព្រៃទាំងមូល ប្រសើរជាងមើលដើមឈើមួយដើម

* សម្ដេចតេជោ បានលើកឡើងថា ប្រជាពលរដ្ឋមិនមែនដើរកម្សាន្ដតែមួយខេត្តនោះទេ ពោលគ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា សុទ្ធតែមានកន្លែងកម្សាន្ដ

* សម្ដេច ហ៊ុន សែន បានថ្លែងថា សូមកុំឲ្យខេត្តកំពង់ឆ្នាំង ជាកន្លែងដែលគេទៅហួស មកផុតឲ្យសោះ ដូច្នេះអាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រូវរកវិធីទាក់ទាញ ដើម្បីឲ្យអ្នកធ្វើដំណើរតាមផ្លូវចូលលេងកម្សាន្ដ

* សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា សម្ដេចធ្លាប់ចូលហូបគុយទាវមួយកន្លែង ដែលគេហៅថាជាគុយទាវឆ្ងាញ់ នៅតំបន់ផ្សារលើកំពង់ឆ្នាំង, ចំណុចនេះសម្តេចចង់បង្ហាញពីការទាក់ទាញភ្ញៀវទេសចរណ៍

* សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចឲ្យមានការកសាងសង់ផ្លូវ​ និងស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ

* សម្ដេចតេជោ​ ហ៊ុន សែន បញ្ជាក់ថា ​ដៃទន្លេទាំង៣ គឺទន្លេផ្សារក្រោម ទន្លេជ្រោយមុខ និងទន្លេកំពង់ហាវ ត្រូវតែធ្វើស្ពានតភ្ជាប់គ្នា

* សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា បន្ទាប់ពីផ្លូវ និងស្ពានត្រូវបានសាងសង់រួចរាល់ ប្រជាពលរដ្ឋនឹងចំណេញទាំងពេលវេលា និងថវិកាក្នុងការធ្វើដំណើរ

* សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ការធ្វើផ្លូវ និងស្ពាន ជាកាដូមួយដ៏ធំជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ

* នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្ដេចបានចរចារប្រកបដោយផ្លែផ្កាជាមួយ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្រាប់ជាតិ និងប្រជាជនកម្ពុជា

* សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជានឹងនៅបន្ដប្រើប្រាស់ទេសចរណ៍មេគង្គ ដែលជាយន្ដការសហប្រតិបត្តិការនៅក្នុងតំបន់

* ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកទន្លេបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ «​ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»

* សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់នូវការថ្លែងសុន្ទកថាប្រកបដោយអត្ថន័យ នៅវេលាម៉ោង០៦៖៣៨នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ Fresh News.៕