(កំពង់ឆ្នាំង)៖ ថ្លែងចេញពីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់ឲ្យខាតតែបាន នូវការបូបខ្សាច់អនាធិបតេយ្យ នេសាទខុសច្បាប់ និងការកាប់ព្រៃលិចទឹក​ជាដើម។

ការបញ្ជាយ៉ាងដាច់ណាត់ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យទន្លេ លើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ។

ក្នុងពិធីនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវរកប្រភពទុនការពារទន្លេពីការបាក់ច្រាំង ការគោករាក់ ដើម្បីរកវិធីតម្រង់ចរន្ដទឹក ទប់ស្កាត់ការបូមខ្សាច់អនាធិបតេយ្យ ទប់ស្កាត់ការនេសាទខុសច្បាប់ ទប់ស្កាត់ការកាប់ព្រៃលិចទឹក ដែលធ្វើឲ្យទន្លេរបស់យើងបាត់បង់ រាប់ទាំងការទាក់ទាញវិស័យទេសចរណ៍»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការកាប់ព្រៃលិចទឹក​ គឺ​មិនមែនបាត់បង់តែមច្ឆាជាតិមួយមុខទេ ក៏ប៉ុន្ដែវាបាត់បង់នៅភាពទាក់ទាញក្នុងវិស័យទេសចរណ៍ ដែលមកពីប្រទេសក្រៅ ព្រោះថា ភ្ញៀវទេសចរមកពីប្រទេសក្រៅភាគច្រើនចូលចិត្ដ ទៅលេងកំសាន្ដជាមួយនឹងព្រៃព្រឹក្សា ដើម្បីមើលបក្សា បក្សី នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែមទៀតថា មិនមែនគ្រាន់តែភ្ញៀវទេសចរ ៦លាន២សែននាក់ ដែលមកពីបរទេសត្រូវការទេ ក៏ប៉ុន្ដែសូម្បីតែភ្ញៀវទេសចរក្នុងស្រុក ដែលមានជាង១១លាននាក់ ក្នុងឆ្នាំកន្លងទៅ ក៏មានតម្រូវការទៅទស្សនាកំសាន្ដនៅតំបន់ ដែលមានព្រៃព្រឹក្សា មានបក្សា បក្សី ឬក៏មានត្រី នៅទីនោះដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា «យើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបូមស្ដារ និងតម្រង់ចរន្ដទឹក និងការទប់ស្កាត់ការបាំងច្រាំងនៅឡើយទេ ដូច្នេះយើងត្រូវខិតខំ ដើម្បីរកថវិកាដោះស្រាយបញ្ហានេះ នៅទីកន្លែងណា ដែលយើងអាចធ្វើបានមុន»

«សម្រាប់ឯបឹងបួរ របស់យើងវិញ រាប់ទាំងក្នុងទន្លេសាបរបស់យើង ពីមួយឆ្នាំទៅមួយឆ្នាំ ទន្លេសាបរបស់យើង និងបឹងបួររបស់យើង ត្រូវបានគោករាក់ ដោយសារតែម្ខាងដីល្បប់ ដែលនាំចូលនៅក្នុងរដូវវស្សា និងម្ខាងទៀត ស្លឹកឈើទាំងឡាយ ដែលធ្លាក់ចុះ ធ្វើឲ្យទន្លេរបស់យើងគោករាក់ឡើង»។ នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។

ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពនេះវាបានផ្លាស់ប្ដូរ កាលពីប្រមាណ ៥០-៦០ឆ្នាំមុន ឬ១០០ឆ្នាំមុន ដែលកាលពេលនោះ ស្ថានភាពរបស់យើង គឺស្ថានភាពទឹកជ្រៅ ត្រីច្រើនប្រជាជនតិច ប៉ុន្ដែពេលនេះដល់ពេលទឹករាក់ ត្រីតិច ប្រជាជនច្រើន បូកជាមួយការនេសាទអាណាធិបតេយ្យ បានបង្កើតជាបញ្ហាប្រឈម សម្រាប់យើងទាំងអស់គ្នា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាអនាធិបតេយ្យនេះ មិនមែនបង្កើតដោយកត្ដាសច្ចានុម័តទេ ប៉ុន្ដែវាបង្កើតដោយកត្ដាអត្តនោម័ត គឺមនុស្សជាអ្នកបង្កឡើង ដែលយើងទាំងអស់គ្នា ត្រូវចូលរួមការខិតខំលើបញ្ហានេះ ដើម្បីទាញយកផលប្រយោជន៍ឡើងវិញ ហើយបំផុសនៅស្មារតីស្រលាញ់ទន្លេ ស្រលាញ់បឹងបួរ និងស្រលាញ់ធនធានធម្មជាតិ នៅក្នុងប្រទេស៕