(សេអ៊ូល)៖ ទោះបីជា​បានវិលត្រឡប់​ទៅកាន់​ប្រទេសកូរ៉េខាងត្បូងវិញក្តី ក៏ប្រធានាធិបតី​កូរ៉េខាងត្បូងលោក មូន ចេអ៉ិន ដែលបាន​បំពេញទស្សនកិច្ច​​ផ្លូវរដ្ឋរយៈពេល​៣ថ្ងៃ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ ហាក់​នៅមិនទាន់​ដាច់​អាល័យ​ពីទឹកដី​​អង្គរដ៏អច្ឆរិយៈនោះដែរ ខណៈលោក​​​បានបង្ហោះសារ​​នៅលើគណនី​​បណ្តាញ​សង្គម Twitter របស់​លោក កោត​សរសើរពី​ភាព​អស្ចារ្យនៃទឹកដី​តំបន់​ប្រាសាទបុរាណខ្មែរ ដែលមាន​​អាយុកាល​​រាប់ពាន់ឆ្នាំ​។ នេះបើតាម​​ការចេញ​​ផ្សាយ​​ដោយ Channel News Asia នាយប់​​ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។

លោក មូន ចេអ៉ិន បានសរសេរសារ​បង្ហោះនៅ Twitter ប្រកបដោយ​អត្ថន័យ​ធំធេង​ឲ្យ​មនុស្ស​រាប់លាននាក់លើ​ពិភពលោក ជាពិសេសប្រជាជន​កូរ៉េខាងត្បូង​​បានឃើញ​យ៉ាង​​ដូច្នេះថា «ការឈរ​នៅ​ចំពោះមុខប្រាសាទ​អង្គរវត្ត អាចជាការគោរព​​ដល់​ប្រជាជន​កម្ពុជា​កាន់តែជ្រាលជ្រៅ​បន្ថែមទៀត...។ អង្គរវត្ត​គឺជាអតីតកាល​របស់ប្រទេសកម្ពុជា ហើយនៅពេល​ជាមួយ​គ្នា​នេះ ប្រាសាទនេះក៏ជាអនាគត​របស់​កម្ពុជាដែរ...។ ខ្ញុំជឿជាក់ថា អព្ភូតហេតុ​​ដ៏អស្ចារ្យ​នៃទន្លេមេគង្គ​នឹង​ក្លាយជា​ការពិត...»

គួរបញ្ជាក់ថា កាលពីកំឡុងពេល​​បំពេញទស្សនកិច្ចនៅ​​ប្រាសាទអង្គរវត្ត​ លោក មូន ជែអ៉ិន បាន​សម្តែងការ​ភ្ញាក់ផ្អើល និងងឿង​ឆ្ងល់ផងដែរ ចំពោះសំណង់​ដ៏មហិមា ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ក្នុងមួយ​ឆ្នាំៗ ព្រោះតែភាពល្បីល្បាញ​​បំផុត​នៅ​លើ​លោក​នៃប្រាសាទមួយនេះ។ មគ្គុទេសទេសចរណ៍​​ដែល​នាំ​ដំណើរ​​លោក​ មូន ចេអ៉ិន ក៏បាន​​បញ្ជាក់​ផងដែរថា លោកប្រធានាធិបតី​កូរ៉េខាងត្បូង​បានសាកសួរ​​អំពីដំណើរការ​នៃការកសាងប្រាសាទ និង​ប្រភពនៃថ្ម​ដ៏ច្រើនមហិមា ដែល​បាន​យកមកកសាងប្រាសាទនេះ​ថែមទៀតផង៕