(កំពង់ឆ្នាំង)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា រយៈពេល២ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៥ ដែលប្រារព្ធឡើងនៅខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណ ៧០ម៉ឺននាក់ ដែលចំនួននេះឃើញថាមានការកើនឡើងលើសការរំពឹងទុក។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី១៧ ខែមីនានេះ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ថ្ងៃទី១នៃពិធីបុណ្យទន្លេនេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ ២០ម៉ឺននាក់ ចូលរួមលេងកម្សាន្តសប្បាយ។

លោកបន្តថា ក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវនឹងថ្ងៃទី២នៃពិធីបុណ្យទន្លេនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចេញមកទទួលអបអរសាទរវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត។

លោកថា ក្នុងថ្ងៃបើកជាផ្លូវការនេះដែរ ក៏មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប្រមាណ ៥០ម៉ឺននាក់ ដែលចំនួននេះច្រើនលើកការរំពឹងទុកថែមទៀត។

បើតាមការប៉ានប្រមាណរបស់លោករដ្ឋមន្ត្រី ថោង ខុន ក្នុងថ្ងៃទី៣ នៃពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងនេះ នឹងមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលទស្សនាកម្សាន្តប្រមាណ ៣០ម៉ឺននាក់ ទៅ ៤០ម៉ឺននាក់ ថែមទៀត៕