(កំពង់ចាម)៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង​ប៉ុស្ដិ៍នគរបាលសង្កាត់កំពង់ចាម ​​នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បានចាប់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលចូលមកស្នាក់នៅដោយខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ហើយបម្រុងដើររកការងារធ្វើ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា​ បន្ទាប់ពី​ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញបានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមម្នាក់​ ឈ្មោះ PHAN QUANG VINH អាយុ៣២ឆ្នាំ នៅចំណុចភូមិ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ពីបទស្នាក់ខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ហើយបានបញ្ជូនមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីអនុវត្តបន្ត។

ក្រោយបញ្ជូនដល់ការិយាល័យជំនាញ ក្រោមការណែនាំពី​លោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងទទួលផែនអន្ដោប្រវេសន៍, លោកវរសេនីយ៍​ឯក ឈួន ចាន់ឡា នាយការិយាល័យ ដែលដឹកនាំការសួរចម្លើយនេះ ​បានពិនិត្យ និង​រកឃើញថា ជនបរទេសរូបនេះមានស្រុកកំណើត ស្រុកយ៉ាឡឹម ក្រុងហាណូយ ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០១៩ ក្នុងគោលបំណង​រកការងារធ្វើ (ពុំមានឯកសារសម្គាល់ខ្លួន ឬលិខិតឆ្លងដែនឡើយ)​។

ដោយមាន​ការយល់ព្រមពីលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានអនុញ្ញ្ញាតឲ្យបញ្ជូនជនបរទេសរូបនេះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បី​ចាត់បន្ដតាមនីតិវិធី៕