(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពអនាម័យឲ្យបានល្អ ពិសេសប្រជាពលរដ្ឋដែលដងទឹកអូរ ទឹកព្រែកយកទៅទទួលទាន ត្រូវដាំឲ្យពុះជាមុន។

ការអំពាវនាវរបស់ប្រធានមន្ទីរសុខាភិបាលរូបនេះ បានធ្វើឡើងខណៈដែលប្រជាពលរដ្ឋជាច្រើននាក់ បានទៅដងទឹកអូរ និងទឹកព្រែក យកទៅប្រើប្រាស់ និងទទួលទានប្រចាំថ្ងៃ។ លោកវេជ្ជបណ្ឌិត បានលើកឡើងថា ប្រជាពលរដ្ឋមិនគួរប្រើប្រាស់ទឹកប្រភេទនេះទេ ព្រោះអាចប្រឈមនឹងបញ្ហសុខភាព។

តាមរយៈភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ លោក គួង ឡូ បានថ្លែងថា ស្របពេលដែលអាកាសធាតុមានការក្តៅខ្លាំង ធ្វើឲ្យតំបន់មួយចំនួន​ប្រឈមនឹងការខ្វះទឹកស្អាតប្រើប្រាស់ ធ្វើឲ្យពួកគាត់បង្ខំចិត្តទៅដងទឹកតាមអូរ តាមព្រែកយកទៅប្រើប្រាស់ និងទទួលទាន។ ទន្ទឹមនឹងនោះដែរ លោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលដងទឹកអូរ ទឹកព្រែកយកទៅទទួលទាន សូមដាំឲ្យពុះជាមុនសិន។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ​ បានបញ្ជាក់ថា ដោយសារស្ថានភាពអាកាសធាតុក្តៅខ្លាំង ការទទួលទានទឹកមិនស្អាត និងមិនដាំឲ្យពុះត្រឹមត្រូវ ជាហេតុបង្កឲ្យកើតជំងឺផ្សេងៗ ពិសេសជំងឺរាករូស​ និងជំងឺផ្លូវដង្ហើមជាដើម។ ជាមួយគ្នានោះ បើបងប្អូនមានបញ្ហាសុខភាព សូមអញ្ជើញទៅទទួលសេវាពិនិត្យព្យាបាលជំងឺ នៅតាមប៉ុស្តិសុខភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅក្បែរឲ្យបានលឿនបំផុត។

សូមបញ្ជាក់ដែរថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុង ខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។

បើយោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹក ទុកទប់ទល់នឹងគ្រោះរាំងស្ងួត របស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឥទ្ធិពលអែលណូនីនេះ ក៏នឹងធ្វើឲ្យមានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សាមកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ -ល-។

តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការ សំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។ វិធានការទាំង៣នោះ រួមមាន៖

១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះ ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។

២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។

៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈ ជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕