(ភ្នំពេញ)៖ លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) អាណត្តិទី៥ ឆ្នាំ២០១៩-២០២៣ ក្នុងមហាសន្និបាតលើកទី២៦ របស់ AFF នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ។

លោក ខៀវ សាម៉េត កាលពីអាណត្តិមុន លោកគឺជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រធានស្ដីទីផងដែរ ។ តែស្របពេល AFF រៀបចំមហាសន្និបាតឆ្នាំ២០១៩ សមាជិកទាំងអស់ ក៏បានបោះឆ្នោតគាំទ្រលោក ខៀវ សាម៉េត ធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ហើយនេះក៏ជាលើកដំបូងផងដែរ ដែល AFF មានថ្នាក់ដឹកនាំជនជាតិខ្មែរ ។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ដោយជ្រើសរើសខេត្តសៀមរាប ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ មហាសន្និបាតនេះ បានធ្វើឡើងក្រោមវត្តមានលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយក៏មានការចូលរួមពីតំណាងសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA) និងតំណាងសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) ផងដែរ ៕