(តាកែវ)៖ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល​វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) លើទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី​ ក៏ដូចជាក្លាយធនធានមនុស្សពោរពេញដោយសមត្ថភាព សម្រាប់ការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ​នាពេលអនាគត។

ការលើកទឹកចិត្តបែបនេះរបស់លោក កឹមរ័ត្ន វិសិដ្ឋ បានធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំពូលលើតុដើរដោយពន្លឺព្រះអាទិត្យ និងសម្ភារៈសិក្សា​ដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីលេខ១ ដល់​លេខ​៣​ ក្នុងឆ្នាំសិក្សា​២០១៧-២០១៨ នៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ​ ដោយមានសិស្សជ័យលាភីសរុបចំនួន​១២៣នាក់ មកពីអនុវិទ្យាល័យប្រាសាទ បឋមសិក្សាប្រាសាទ​ បឋមសិក្សាចក​ និងបឋមសិក្សាអង្គកំណប់។

នៅក្នុងកាសនោះដែរលោក​ កឹម​រ័ត្ន​ វិសិដ្ឋ​ ក៏បានផ្តល់អនុសាសន៍ និងបទពិសោធន៍ល្អៗចែកជូនដល់សិស្សានុសិស្សដែលបានចូលរួម​ ព្រមទាំងបានណែនាំឱ្យសិស្សានុសិស្សជៀសឆ្ងាយពីគ្រឿងញៀន​ ដែលអាចបំផ្លាញអនាគតខ្លួនឯង​ ក្រុមគ្រួសារ និងសង្គមជាតិ៕