(ភ្នំពេញ)៖ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានដាក់ពាក្យប្តឹង លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៉ី ដែលបានប្រមាថ និងញុះញង់លើសម្តេចតេជោ ហ៊ុន សែន។ នេះបើតាមពាក្យបណ្តឹងរបស់ លោក គី តិច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមពាក្យប្តឹងដែលរៀបចំដោយ លោក គី តិច បានរៀបរាប់ថា លោក សោ ចាន់ដេត បានប្រើប្រាស់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ (បណ្តាញសង្គម Facebook) របស់ខ្លួន ធ្វើការផ្សព្វផ្សាយជាសាធារណៈ យ៉ាងទូលំទូលាយទៅដល់សាធារណជនទូទៅ ក្នុងគោលបំណងជេរប្រមាថជាសាធារណលើ សម្តេចតេជោ ហ៊ុន សែន និងចេតនាញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ដែលអំពើនេះ ស្តែងចេញជាជំហរ លើការរំលោភបំពានបញ្ញត្តិមាត្រា ៣០៧ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ក្នុងពាក្យបណ្តឹងនេះ មេធាវី គី តិច បានអះអាងថា លោកមានភស្តុតាង ចំនួន៣២ទំព័រ ដែលបានស្រង់ចេញពីគណនី Facebook ឈ្មោះ Sor Chandeth ដើម្បីដាក់ជូនតុលាការពិនិត្យ និងសម្រេចផងដែរ។
សូមបញ្ជាក់ថា ការដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យក្រុមមេធាវីរបស់សម្តេច សិក្សាដើម្បីប្តឹងទៅតុលាការ ចំពោះជនទាំងឡាយ ដែលបានប្រមាថដល់សម្តេច នៅលើបណ្តាញសង្គម Facebook។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា សម្តេចមានសារជេរប្រមាថរបស់ ជនទាំងនោះជាង៣០សារ ដែលជាភស្តុតាង ហើយសម្តេចនឹងទាមទារសំណងជំងឺចិត្តមិនតិចជាង២លានដុល្លារនោះទេ។
សូមបញ្ជាក់ថា ការដាក់ពាក្យប្តឹងរបស់មេធាវីរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក សោ ចាន់ដេត បានបង្ហោះ Facebook ដោយប្រមាថអាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ មនុស្សជំនិតរបស់លោក សម រង្ស៉ី រូបនេះ ក៏បានចូលរួមជាមួយ លោក សម រង្ស៉ី ដោយធ្វើការកែនកម្លាំងប្រឆាំងរដ្ឋាភិបាលឱ្យ លោក សម រង្ស៉ី ត្រឡប់មកកម្ពុជាផងដែរ៕