(មណ្ឌលគិរី)៖ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យមួយបានកើតឡើង នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុច​ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី​ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ​ចំនួន០៤ខ្នង​ និងបណ្តាលឲ្យ​ស្លាប់មនុស្ស​០២នាក់​ និងរងរបួសស្រាល​​០២នាក់។​

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះថា ជនរងគ្រោះដែលស្លាប់២នាក់នោះ ទី១៖​ឈ្មោះ ហ៊ាង សម្ផស្ស ភេទស្រី​ អាយុ១៧ឆ្នាំ​ និងទី២៖ឈ្មោះ ហ៊ាង ស្រីលីន ភេទស្រី​ អាយុ១៤ឆ្នាំ។ ក្នុងនោះ បណ្ដាលឲ្យរងរបួសស្រាល ចំនួន០២នាក់ (ភេទស្រី)​ ត្រូវបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្ត ហើយម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ភេទប្រុស អាយុ៥២ឆ្នាំ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ​ករណីខាងលើកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង​ (ស្នងការដ្ឋានចំនួន០៤គ្រឿង និង​អធិការដ្ឋាន​ស្រុកពេជ្រាដា០១គ្រឿង)​ និងបានប្រើប្រាស់ទឹកសម្រាប់ពន្លត់អគ្គីភ័យចំនួន២៥​រថយន្ត។

ដោយឡែក មូលហេតុភ្លើងឆេះបណ្តាលមកពីឡានស៊ីទែនដឹកសាំង ចូលមកតទុយោបង្ហូរសាំងដាក់ក្នុងស៊ីទែនរបស់ម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ហៅ (អុល) ពេលនោះក៏បានខ្ចាយសាំងពីទុយោជះ ចូលក្នុងផ្ទះបាយចំទៅលើចង្រ្កានហ្គាស ធ្វើឲ្យមានភ្លើងឆាបឆេះតែម្តង៕