(សៀមរាប)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានដាក់សម្ពោធអគារបណ្ណាល័យថ្មីមួយខ្នង ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាបន្ទាយស្រី ក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃ១៥មីនាថ្មីៗនេះ ក្នុងការចូលរួមបណ្តុះវប្បធម៌អាននៅកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក Minki Brian Hong សមាជិកក្រុមប្រឹក្សាភិបាល ប្រាសាក់ និងនាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគេ្នយ៍នៃមូលនិធិ CVC, លោក ឡោ ឆវណ្ណា ប្រធានគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្ននៃនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោក លី វណ្ណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងលោកស្រី រឿន គីណា អភិបាលរងនៃគណៈអភិបាលស្រុកបន្ទាយស្រី។

លោកស្រី រឿន គីណា បានលើកឡើងពីភាពរីកចម្រើននៃវិស័យអប់រំនៅក្នុងស្រុកបន្ទាយស្រី និងបានថ្លែងអំណរគុណចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងលោក Minki Brian Hong និងលោក Hiep Van Vo ក្រុមប្រឹក្សាភិបាលរបស់ប្រាសាក់ ដែលបានផ្ដល់មូលនិធិសាងសង់អគារបណ្ណាល័យ នៅក្នុងទឹកដីស្រុកបន្ទាយស្រី ដែលជានេះកាយវិការដ៏ល្អប្រពៃ ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំនៅក្នុងស្រុកបន្ទាយស្រីនេះ។

លោក Minki Brian Hong បានថ្លែងថា លោកពិតជាមានសេចក្ដីរីករាយណាស់ ដែលបានចូលរួមកម្មវិធីសម្ពោធអគារបណ្ណាល័យនៅថ្ងៃនេះ។ លោកបញ្ជាក់ថាការសិក្សាអប់រំពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងភាពសម្បូររុងរឿងរបស់ប្រទេសជាតិមួយ តួយ៉ាងដូចជាប្រទេសកូរ៉េដែលជាទឹកដីកំណើតរបស់លោក ធ្លាប់ជួបប្រទះភាពក្រីក្រ ដីមិនសូវមានជីជាតិ មិនសម្បូរធនធានធម្មជាតិ និងមានអាកាសធាតុត្រជាក់ខ្លាំង បានវិវឌ្ឍខ្លួនមកដល់សព្វថ្ងៃ និងក្លាយជាខ្លាសេដ្ឋកិច្ចនៅទ្វីបអាស៊ី ដែលអាចផលិត រថយន្ត ទូរស័ព្ទ កប៉ាល់ និងឧបករណ៍អេឡិកត្រូនិចទំនើបផ្សេងៗ បានគ្រប់បែបយ៉ាង។

ទាំងនេះ គឺកើតឡើងដោយសារប្រទេសកូរ៉េ ផ្តោតលើការសិក្សាអប់រំ។ លោក Minki Brian Hong សង្ឃឹមថា បណ្ណាល័យនេះ នឹងក្លាយជាបង្អួចសម្រាប់បើកចិត្ត បើកគំនិតប្អូនៗសិស្សានុសិស្ស ទៅកាន់ពិភពលោកទាំងមូល តាមរយៈការអាន។ លោកបានសង្កត់ធ្ងន់ថា ការអាន គឺគន្លឹះដ៏សំខាន់ក្នុងការឆ្ពោះទៅរកភាពជោគជ័យ។

លោក ពៅ ពិសិដ្ឋ បានជំរុញឱ្យសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងសិក្សា ដើម្បីឱ្យមានអនាគតភ្លឺស្វាង ដោយយកបណ្ណាល័យនេះជាមិត្តដ៏ល្អ។ លោកក៏បានបន្ថែមទៀតថា យើងទាំងអស់គ្នាកើតមកគឺមិនចេះអ្វីទេ ប៉ុន្តែមិនត្រូវស្លាប់ទៅវិញដោយមិនចេះអ្វីសោះនោះឡើយ។

ហេតុនេះ យើងត្រូវសង្វាត ស្រវាស្រទេញ សិក្សារៀនសូត្រឱ្យមានចំណេះដឹង ដើម្បីជួយកសាងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ដូចជាចំណេះដឹងទូទៅ ក៏ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនួយជួញប្រែផ្សេងៗ។

ថ្លែងក្នុងឱកាសនេះ លោក ហ៊ាង ស៊ីណេ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ជាពិសេសលោក Minki Brian Hong និង លោក Hiep Van Vo ជាក្រុមប្រឹក្សាភិបាល ដែលបានផ្ដល់មូលនិធិកសាងបណ្ណាល័យនេះ ដោយសហការជាមួយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចការដ៏ប្រពៃ ក្នុងការលើកកម្ពស់វិស័យអប់រំឱ្យកាន់តែរឹងមាំនេះ ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ ដែលកំពុងផ្ដោតសំខាន់ទៅលើការអានសៀវភៅ។ លោកបានសំណូមពរ ឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ជួយថែរក្សា និងប្រើប្រាស់បណ្ណាល័យនេះ ឱ្យអស់ពីលទ្ធភាព ដោយជំរុញឱ្យមានការអានឱ្យបានច្រើនផុសផុល ស្រលាញ់ និងថែរក្សាសៀវភៅទាំងអស់ឱ្យបានល្អ។

ក្នុងឱកាសនៃពិធីសម្ពោធនោះដែរ ក៏មានការរៀបចំពិធីប្រកួតអំណាន សម្រាប់សិស្សានុសិស្ស ដើម្បីស្វែងរកជយលាភី ដែលអានបានល្អបំផុត និងការដាំដើមឈើទុកជាអនុស្សាវរីយ៍ របស់គណៈអធិបតី នៅក្នុងបរិវេណសាលាបឋមសិក្សាបន្ទាយស្រីផងដែរ។

គិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ គម្រោងបណ្ណាល័យប្រាសាក់ ដាក់ឱ្យប្រើប្រាស់ និងកំពុងសាងសង់ចំនួន ៣៤អគារបណ្ណាល័យ គ្របដណ្តប់លើភូមិចំនួន ៣៤៦ភូមិ ដែលមានចំនួនគ្រួសារសរុប ៧០,៥៣៧គ្រួសារ មានប្រជាជនសរុបចំនួន ៣២៦,៤០០នាក់ នៅក្នុង១១ខេត្ត រួមមាន៖ កំពង់ស្ពឺ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ ខេត្តបាត់ដំបង ស្វាយរៀង និងបន្ទាយមានជ័យ និងមានសិស្សានុសិស្ស ដែលទទួលផលផ្ទាល់ ពីគម្រោងបណ្ណាល័យនេះចំនួន ៧៨,២៦៦នាក់ ៕