(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយូទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បច្ចុប្បន្ន ជនមានពិការភាព មិនត្រូវបានគេរើសអើង ហើយត្រូវបានយកចិត្តទុកដាក់ពីគ្រប់ មជ្ឈដ្ឋានក្នុងឆ្នាំ២០១៨កន្លងទៅ ជនពិការចូលបម្រើការងារ ក្នុងក្រសួងស្ថាប័នរដ្ឋ ចំនួន៤០មានជនពិការចំនួន ២.៨៣៩នាក់ ក្នុងនោះស្រ្តីពិការចំនួន ៧៥៦នាក់ និងជនពិការកម្រិតធ្ងន់ ចំនួន១.៤៧៨នាក់។

លោក វង សូត បានបន្ថែមថា ក្រសួងបាននិងកំពុងពិនិត្យ ក្នុងការផ្តល់របបគោលនយោបាយនេះ ទៅតាមបណ្តាខេត្តផ្សេងៗទៀត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណាឱ្យបងប្អូន ជនពិការក្រីក្រ អាចទទួលរបបតាមគោលការណ៍កំណត់។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នាពេលនេះ គឺធ្វើឡើងនៅក្នុង ពិធីចែកបណ្ណសង្គមកិច្ច និងបើកប្រាក់របបគោលនយោបាយ ចំពោះជនពិការក្រីក្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីអភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល តំណាងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងមន្ត្រីក្រសួងសង្គមកិច្ច និងមន្ទីរសង្គមកិច្ចខេត្ត រួមនឹងប ងប្អូនជនមានពិការភាពជាច្រើនទៀតផងដែរ។

ថ្លែងនៅក្នុងពិធីនេះ លោក វង សូត បានបញ្ជាក់ថា វិស័យសង្គមកិច្ច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋយើង។

ជារួម រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាព ជាការងារ អាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ អំពីការអនុវត្តគោលនយោបាយពិការភាពតាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិ និងសុខុមាលភាព ជនពិការ ព្រមទាំងពង្រឹងគុណភាពនិងប្រសិទ្ធភាព នៃសេវារបស់មូលនិធិជនពិការផងដែរ។

ថ្វីត្បិតតែយើងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង លើវិស័យសុខុមាលភាពជនពិការយ៉ាងណាក៏ដោយ ក៏បងប្អូនជនពិការនៅមានឧបសគ្គជាច្រើនទៀត ដែលយើងត្រូវបន្តយកចិត្ដទុកដាក់ដោះស្រាយ បញ្ហាទាំងនោះឱ្យកាន់តែទូលំទូលាយ និងក្តាប់បានព័ត៌មានគ្រប់ជ្រុងជ្រោយ។

លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម តំណាង​លោក គួច ចំរើន អភិបាលខេត្តកមពង់ចាម បានលើកឡើងថា ឆ្លងតាមការអនុវត្តកន្លងមក យើងបានសាកល្បងចុះស្រង់ទិន្នន័យជនពិការទូទៅ នៅស្រុកកោះសូទិន សរុប ២.០៨៨ នាក់ ក្នុងចំណោមនេះ យើងបានជ្រើសរើស និងកំណត់អត្តសញ្ញាណ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានប្រកាសទទួលស្គាល់ ជាជនពិការក្រីក្រ នៅសហគមន៍នេះ ចំនួន ៦៣៤ នាក់ ក្នុងនោះ មានអ្នក ដែលត្រូវទទួលប្រាក់ឧបត្ថម្ភ ១២ ខែ ចំនួន ៥៣១ នាក់ និង ៦ ខែ ចំនួន ១០៣ នាក់ ។

លោកបានបន្ថែមថា ជាមួយគ្នានោះ មន្ទីរសង្គមកិច្ច បានសហការជាមួយមូលនិធិជនពិការ ចុះធ្វើបច្ចុប្បន្នភាព ផ្តល់កាត ATM និងបើកប្រាក់ឧបត្ថម្ភ សម្រាប់ថ្លៃព្យាបាលជម្ងឺ ប្រចាំឆ្នាំ ក្នុងម្នាក់ៗ ៣០.០០០ រៀល ដល់បងប្អូនជាជនពិការក្រីក្រ ទាំង ៦៣៤ នាក់ នៅស្រុកកោះសូទិនបានរួចរាល់ កាលពីដើមខែមីនា ឆ្នាំ ២០១៩ ។ ក្រៅពីនេះ នៅមានក្រុង/ស្រុក ៤ ទៀត ក៏បានសហការចុះប្រមូលទិន្នន័យជនពិការទូទៅ បានចំនួន ២.៩០៥ នាក់ រួមមាន ក្រុងកំពង់ចាម ២៣៥ នាក់, ស្រុកជើងព្រៃ ៦៨៣ នាក់, ស្រុកព្រៃឈរ ១.៤២០ នាក់ និងស្រុកកងមាស ៥៦៧ នាក់ ។

លោក តូច ចាន់នី អគ្គនាយកបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយូទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បច្ចុប្បន្ន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញប្រកាសទទួលស្គាល់ជនពិការក្រីក្រ តាមការស្នើសុំពីគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ខេត្ត ដែលបាន កំណត់អត្តសញ្ញាណ ការធ្វើបច្ចុប្បន្នភាពជនពិការក្រីក្រ សរុបចំនួន ១.១៦២៨នាក់ ក្នុងនោះជនពិការក្រីក្រ ទទួលរបប ៣ខែមានចំនួន ១០នាក់ ទទួលរបប៦ខែ មានចំនួន ៤.១១៧ នាក់ និងទទួលរបប១២ខែ មានចំនួន ៧.៥០១ នាក់។

លោក តូច ចាន់នី បានពន្យល់ថា ចំពោះការបើកគណនី និងការបើកផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រ សម្រាប់ពិនិត្យ ព្យាបាល និងថែទាំសុខភាពនៅឃុំចំនួន០៦ ក្នុងស្រុកកោះសូទិននេះ បានសរុបចំនួន៥០២នាក់ ហើយនៅសល់ ចំនួន១៦១នាក់ទៀតមិនទាន់មកបើកគណនី និងប្រាក់ឧបត្ថម្ភ។

ចំពោះជនពិការ ដែលមិនអាចមកបើកគណនី នឹងទទួលប្រាក់បាន ក្រុមការងារបាហសហការជាមួយធនាគារចុះបំពេញឯកសារ ដល់លំនៅដ្ឋានទើបបាន ចំនួន០៧នាក់ និងគ្រោងបើបន្ត ។ ជនពិការដែលនៅសល់ចំនួន១៦១នាក់នេះ បើតាមរបាយការណ៍ឃុំបាន បញ្ជាក់ថាឲ្យដឹងថាជាជនពិការក្រីក្រធ្ងន់ធ្ងរ និងជនពិការចាស់ជរាមិនអាចមកបើករបប និងគណនីដោយផ្ទាល់បាន ដោយក្នុងនោះក៏មានជនពិការក្រីក្រធ្ងន់ធ្ងរ បានទទួលមរណភាព ចំនួន១៩នាក់។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៦មក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោលនយោបាយជូនជនពិការក្រីក្របាន ចំនួន១១,៦២៨ នាក់ ក្នុងនោះ៖

*ទី១៖ ខេត្តត្បូងឃ្មុំ ចំនួន២,០០៩នាក់
*ទី២៖ ខេត្តព្រៃវែង ចំនួន១,៦៣៥នាក់
*ទី៣៖ ខេត្តស្វាយរៀង ចំនួន១,៦៩៨នាក់
*ទី៤៖ ខេត្តប៉ៃលិន ចំនួន១,៣១២នាក់
*ទី៥៖ ខេត្តកំពង់ចាម ចំនួន៦៣៤នាក់
*ទី៦៖ ខេត្តកណ្តាល ចំនួន១,៦៥៣នាក់
*ទី៧៖ ខេត្តកំពង់ធំ ចំនួន៣១៣នាក់
*ទី៨៖ ខេត្តកំពង់ស្ពឺ ចំនួន៤២២នាក់
*ទី៩៖ ខេត្តបាត់ដំបង ចំនួន១,៤៧២នាក់
*ទី១០​៖ ខេត្តពោធិ៍សាត់ចំនួន៤៨០នាក់៕