(កំពង់ចាម)៖ លោក ហ៊ុយ ម៉េងហុង ម្ចាស់សំណង់ស្ថានីយ៍ប្រេងឥន្ធនៈអត់ច្បាប់មួយកន្លែង ស្ថិតក្នុងភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ រហូតមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ កំពុងតែបន្តការសាងសង់ បើទោះជាមានលិខិតហាមឃាត់របស់រដ្ឋបាលខេត្តកំពង់ចាមក៏ដោយ។

អភិបាលស្រុកព្រៃឈរលោក ឡោ ចាន់លី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សំណង់ស្ថានីយ៍ប្រេងអត់ច្បាប់មួយកន្លែងនោះ បានផ្អាកការសាងសង់ បន្ទាប់ពីមានចំណាត់ការពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម កាលពីចុងខែតុលា ឆ្នាំ២០១៨កន្លងទៅ ប៉ុន្តែម្ចាស់សំណង់មិនធ្វើការរុះរើទេ។ លុះមកដល់ថ្ងៃទី១៧ ខែមីនា លោកបានទទួលព័ត៌មានថា ម្ចាស់សំណង់ស្ថានីយប្រេងខុសច្បាប់ នៅតែបន្តសាងសង់នៅឡើយ ហើយប្រការនេះលោកអភិបាលស្រុកកាលពីថ្ងៃទី១៨ ខែមីនា បានចុះធ្វើការហាម ឃាត់មិនអនុញ្ញាតឲ្យម្ចាស់សំណង់អត់ ច្បាប់បន្តការសាងសង់ទៀតទេ។

តាមមន្ត្រីជំនាញសុរិយោដីខេត្តធ្លាប់ឲ្យដឹងថា ស្ថានីយ៍ថ្មីអាចអនុញ្ញតឲ្យសាងសង់ បានលុះត្រាតែមានគម្លាតពីគ្នាចាប់២០០ម៉ែត្រឡើងទៅ ដូច្នេះសម្រាប់ស្ថានីយ៍ថ្មីរបស់លោក ហ៊ុយ ម៉េងហុង នោះ គឺនៅទល់មុខគ្នា ជាមួយស្ថានីយ៍ចាស់មួយទៀត ដូច្នេះខាងមន្ទីរដែនដីខេត្តកំពង់ចាម មិនអនុញ្ញតឲ្យធ្វើការសាងសង់នោះទេ។

លោក ឡោ ចាន់លី បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ចាម បានចេញលិខិតជំរាបជូនលោក ហ៊ុយ ម៉េងហុង ម្ចាស់សំណង់ថា សំណង់នោះ ពុំមានច្បាប់អនុញ្ញាតឲ្យសាងសង់ទេ ព្រោះខុសច្បាប់នគរូបនីយកម្មបញ្ញត្តិ ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព សណ្តាប់ធ្នាប់ បាត់បង់សោភ័ណភាពសាធារណៈ។

លិខិតនោះតម្រូវឲ្យម្ចាស់សំណង់រុះរើឲ្យបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ជាកំហិតទៀតផង។ ក្នុងករណីម្ចាស់សំណង់ មិនរុះរើសំណង់នោះទេ រដ្ឋបាលខេត្តកំពង់ចាម និងមានវិធានការតាមផ្លូវច្បាប់ ជាធរមាន ហើយពុំទទួល ខុសត្រូវរាល់ការខាតបង់ និងខូចខាតចំពោះការរុះរើសំណង់នេះឡើយ។

លោក ឡោ ចាន់លី បានអះអាងទៀតថា លិខិតជូនដំណឹងនេះ បន្ទាប់ពីសាម៉ីខ្លួនបានទទួល ហើយចាប់តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ម្ចាស់សំណង់ បានផ្អាកការសាងសង់ ប៉ុន្តែ មិនបានរុះរើចេញនោះទេ។

ប៉ុន្តែទោះជាយ៉ាងនោះក្តី តាមប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះឲ្យដឹងថា ម្ចាស់សំណង់ស្ថានីយប្រេងនោះ នៅតែបន្តសាងសង់យ៉ាងគឃ្លើន ដោយមិនបានគោរពតាមការណែនាំរបស់អាជ្ញាធរស្រុកសោះឡើយ៕