(ព្រៃវែង)៖ សាខាកាំកុងត្រូលខេត្តព្រៃវែងដឹកនាំដោយលោក អ៊ុត សុភាព ប្រធានសាខា សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ នាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារអ្នកលឿង ស្ថិតនៅភូមិ០២ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង។

លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា នៅក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញរបស់លោក បានធ្វើការវិភាគបឋម ទៅលើផលិតផលទំនិញចំនួន ១៣ មុខ ស្មើនឹង ១៨ គំរូ មានដូចជា ៖ គុយទាវ បាញ់កាញ់ បាញ់ស្រ៊ុន ត្រីងៀត ត្រីប្រាសំយ៉ុង មឹកស្រល់ បង្គាស្រស់ ក្រួច ជ្រក់ទំពាំង ជ្រក់មមាញ ជ្រក់ស្ពៃ និងសណ្តែកបណ្តុះ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការ ត្រួតពិនិត្យរកភាព មិនអនុលោមនៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារ បានជាច្រើនមុខទៀតផងដែរ។

លោកប្រធានសាខា បានឲ្យដឹងថា ជាលទ្ធផល មន្ត្រីជំនាញកាំកុងត្រួល បានរកឃើញ សរសៃរគុយទាវ ទម្ងន់ ២.៤ គីឡូក្រាម មានវត្តមានសារធាតុគីមីហាមឃាត់ប៉ូរាក់ និងបានរកឃើញ ទឹកក្រូចដបធំ ចំនួន២ដប ស្មើ០៣គីឡូក្រាម ហួសថ្ងៃកំណត់ប្រើប្រាស់បន្ថែមទៀត។ សរុបទំនិញខូចគុណភាពដែលមន្ត្រីជំនាញដកហូត បានចំនួន៥.៤គីឡូក្រាម។

លោក អ៊ុត សុភាព ក៏បានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់ នូវផលិត ផលម្ហូបអាហារ ដែលមានដាក់បន្ថែមនូវ សារធាតុគីមីហាមឃាត់ និងទំនិញហួសថ្ងៃកំណត់ប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។

ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូល ក៏បានពន្យល់ផ្សព្វផ្សាយ អប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា និងបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ៕