(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងថា គ្រោះរាំងស្ងួត គឺជាដើមចមនាំឲ្យកើតករណីអគ្គីភ័យ ហើយប្រការនេះ​សូម​ប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្នទាំង​អស់គ្នា ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់សង្គមមួយនេះ។

លោកអភិបាលខេត្ត បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងទិវា​យល់ដឹងវិធី បង្ការ និងពន្លត់អគ្គិភ័យ លើកទី៣ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩នេះ នៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បាន​ថ្លែងកោត​សរសើរ ចំពោះស្នងការនគរបាលខេត្តកំពង់ចាម ដែលកន្លងមកបានយកចិត្តទុកដាក់អន្តរាគមន៍ពន្លត់អគ្គីភ័យ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ​។ ប៉ុន្តែទន្ទឹមនឹងនេះ លោក​បានរំឭក​ថា នៅក្នុងរដូវក្តៅហួតហែងនេះ ករណីអគ្គីភ័យបានកើតឡើងជាហូរហែរ មានដូចជា ឆេះផ្ទះ ឆេះព្រៃជាដើម​។ ហេតុដូច្នេះហើយ​ទិវាបង្ហាញអំពីវិធី ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ ដែលបានប្រារព្ធធ្វើនាពេលនេះ ពិតជាមានសារ​សំខាន់​ក្នុងការផ្ដល់បទបង្ហាញពី មន្រ្តីជំនាញពន្លត់អគ្គីភ័យ ដើម្បីឲ្យ​ប្រជាពលរដ្ឋបានស្វែងយល់ និងយកជាចំណេះដឹង​ទុកយកទៅអនុវត្តនៅពេល ​ជួបប្រទះករណីអគ្គីភ័យជាបឋម។

លោក គួច ចំរើន បានបញ្ជាក់ថា នៅពេលមានអគ្គីភ័យជាបឋម ប្រជាពលរដ្ឋអាចយកភួយជ្រលក់ទឹក ហើយយកទៅគ្របលើចំណុចដែលឆេះនោះ អណ្ដាតភ្លើងនឹងរលត់ទៅវិញ ព្រោះ​អណ្ដាតភ្លើងអាចឆេះបានដោយសារតែមានខ្យល់អុកស៊ីហ្សែន លុះនៅពេល​យកភួយសើមទៅគ្របលើភ្លើងនោះ វានឹងរលត់វិញហើយ ព្រោះអត់ខ្យល់អុកស៊ីហ្សែន។ ម្យ៉ាងទៀតបងប្អូនអាចប្រើបំពង់ពន្លត់អគ្គិភ័យ ដើម្បីពន្លត់អគ្គីភ័យផងដែរ បើក្នុងករណី​ឆេះបឋម។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត​កំពង់ចាម បានឲ្យដឹងថា គ្រោះអគ្គីភ័យ​ដែលកើត​មានឡើង​ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុង​ឆ្នាំ២០១៨ មាន​ចំនួន​៣២លើក បណ្តាលឲ្យឆេះផ្ទះ២៧ខ្នង និង​ស្លាប់​មនុស្ស​ម្នាក់​ បើប្រៀបធៀប​ឆ្នាំ​២០១៧ កើន​ឡើង​ចំនួន​១៥លើក។ ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០១៩​នេះ គ្រោះអគ្គីភ័យ​កើតមាន៦លើក បណ្តាលឲ្យឆេះផ្ទះ​៧ខ្នង​ កុដិ​លោក​១ខ្នង និង​របួស​ស្រាល​មនុស្ស​២នាក់។​

លោកស្នងការបានបញ្ជាក់ថា បច្ចុប្បន្នស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មាន​រថយន្តពន្លត់អគ្គីភ័យសរុបចំនួន១៥​គ្រឿង ក្នុងនោះរថយន្តកែច្នៃ១​គ្រឿង ដើម្បី​ធានា​ក្នុង​កិច្ច​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា ​ពេល​មាន​គ្រោះ​អគ្គីភ័យ​កើត​ឡើង ហើយសមត្ថកិច្ចជំនាញ​បានធ្វើការបែងចែក​រថយន្ត​ពន្លត់​អគ្គីភ័យ ទៅ​តាម​បណ្ដា​ស្រុក​ចំនួន​៩ ដែល​មាន​រថយន្ត​ចំនួន​១២គ្រឿង ទុកនៅស្នងការដ្ឋាន៣​គ្រឿង។

សូមជម្រាបថា ក្នុងពិធីនៅព្រឹកមិញនេះ ក៏មានការបង្ហាញពីសកម្មភាពជួយ​អន្តរាគមន៍ពន្លត់អគ្គីភ័យ មានលក្ខណៈសាមញ្ញ ដោយប្រើប្រាស់ភួយជ្រលក់ទឹក បាល់ប្រភេទពន្លត់អគ្គីភ័យ បំពង់ពន្លត់អគ្គីភ័យ ដែលជាវិធី​សាស្ត្រ​សង្គ្រោះបឋម ក្នុងពេលមានគ្រោះអគ្គីភ័យ និងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យកើតឡើង៕