(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តឲ្យក្រុមហ៊ុនចំនួន៣ បើករោងចក្រកាត់ដេរសំលៀកបំពាក់ និងកាបូប នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងតាកែវ សរុបទុនវិនិយោគ១០.៤លានដុល្លារអាមេរិក បង្កើតការងារជាច្រើនពាន់កន្លែង។
CDC បានចុះផ្សាយលើ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ UNIWOOD SHOES MANUFACTURING CO.,LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រាវឯម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩៣០កន្លែង។
២៖ NAN LAI INTERNATIONAL (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។
៣៖ VICMARK FASHIONS (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ១៦៧១ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៨៩កន្លែងផងដែរ៕