(កំពត)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានលេីកឡេីងថា លំហាត់នាគមាស ឆ្នាំ២០១៩ រវាងកងទ័ពកម្ពុជា-ចិន កំពុងដំណេីរការយ៉ាងរលូន ដែលនឹងបញ្ចប់ដោយជោគជ័យតាមផែនការ។
លំហាត់នាគមាសឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ នាទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគីរី របស់កងពលតូចលេខ៧០ នៅស្រុកជុំគីរី ខេត្តកំពត។ លំហាត់នេះមានរយៈពេលជិត១ខែ ដោយនឹងបិទបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានសរសេរលើ Facebook ផ្លូវការរបស់ខ្លួន តាមការសន្និដ្ឋាន លំហាត់ហ្វឹកហ្វឺនរវាងកងទ័ពប្រទេសទាំងពីរ នឹងបញ្ចប់ដោយជោគជ័យតាមផែនការ នៅ៤ថ្ងៃខាងមុខនេះ។
លំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩ មានកងទ័ពរំដោះប្រជាជនចិនចូលរួមចំនួន២៥២នាក់ និងមានកងទ័ពកម្ពុជាចំនួន២.៥៤២នាក់ ក្នុងនោះមាន៖ កម្លាំងធ្វើលំហាត់ចំនួន៣៨២នាក់, កម្លាំងបម្រើការក្នុងលំហាត់ចំនួន៤៤៨នាក់, កម្លាំងចូលរួមក្នុងពិធីបើក-បិទ ចំនួន១.៦៨៥នាក់។ អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាចក្រ, អាវុធគាំទ្រពីលើអាកាស ជាដើម។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា រហូតដល់ពេលនេះ មានវិញ្ញាសាជាច្រើន ត្រូវបានអនុវត្តទៅតាមការគ្រោងទុក ដែលក្នុងនោះមានការបាញ់គ្រាប់ពិតជាក់ស្តែង ការវាយលុកចូលតាមខ្សែរីផ្លីង តាមជណ្តើរ ការចល័តវាយប្រហារក្នុងបន្ទប់ ការបាញ់សាកល្បងអាវុធធុនធំ ការហ្វឹកហ្វឺនបោសម្អាតមីន ការបញ្ជារថពាសដែក ការលាងសម្អាតជាតិគីមី ការប្រឆាំងភេរវកម្ម ការរំដោះចំណាប់ខ្មាំងចេញពីជំរុំភេរវករតាមរយៈការសម្រូតខ្លួនពីឧត្ថម្ភគចក្រ ការបាញ់កាំភ្លើងត្បាល់ និងរត់ចូលលេណដ្ឋាន (ទីតាំងប្រយុទ្ធ) ការបាញ់ប្រភេទកាំភ្លើងត្បាល់ ៦០មីលីម៉ែត្រ ៨២មីលីម៉ែត្រ និង១០០មីលីម៉ែត្រជាដើម។ ជាមួយគ្នានេះកងកម្លាំងនៃភាគីទាំងពីរ ក៏បានហ្វឹកហាត់ជំនាញប្រឆាំងភេរវករ ដោយសកម្មភាពហ្វឹកហាត់នោះលើជំនាញកម្លាំងប្រយុទ្ធ កម្លាំងបម្រើប្រយុទ្ធ ហ្វឹកហាត់បច្ចេកទេសសម្រូតខ្លួនតាមខ្សែពួធំចុះពីឧត្ថម្ភាគច្រក ដើម្បីជួយរំដោះចំណាប់ខ្មាំងពីជុំរុំភេរវករចេញពី អាគារខ្ពស់ៗ និងច្រើនផងដែរ។
បើតាមអ្នកនាំពាក្យក្រសួងការពារជាត, នៅមានរបៀបវរៈជាច្រើនទៀតដែលភាគីនៃប្រទេសទាំងពីរ បានយកមកហ្វឹកហាត់រួមគ្នា ក្នុងឆ្នាំនេះ ក្នុងនោះមានដូចជាការ៖ ស៉ើបការណ៍រកភូមិសាស្រ្តដោយយន្តហោះគ្មានមនុស្សបើក (Drone), ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការដោះគ្រាប់បែកគីមី និងបន្សាបជាតិគីមី, ប្រតិបត្តិការរំដោះចំណាប់ខ្មាំងដោយឧត្ថម្ភគចក្រ, ឧទ្ធម្ភាគចក្រកំទេចជុំរុំភេរករ និងកិច្ចការមនុស្សធម៌ជាដើម។
ជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍ ឈុំ សុជាត បានគូសបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺននេះ មិនមានការគំរាមគំហែងអ្នកណាទាំងអស់ ផ្ទុយទៅវិញ សមយុទ្ធនេះ គឺជាការបង្ហាញនូវការចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាតែប៉ុណ្ណោះ ជាពិសេសបទពិសោធន៍ ប្រយុទ្ធ ប្រឆាំង អំពើភេវរកម្ម ជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្ហរាយធម្មជាតិ ជាដើម។ លំហាត់ហ្វឹកហ្វឺននាគមាស ផ្តោតសំខាន់លើប្រធានបទកិច្ចការ មនុស្សធម៌ និងការប្រឆាំងភេវរកម្ម ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។ មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនតែម្តង។
សូមរំលឹកដែរថា កងទ័ពកម្ពុជា-ចិន បានធ្វើលំហាត់នាគមាស នៅក្នុងប្រទេសកម្ពុជា ចំនួន២លើករួចមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ ភាគីទាំងពីរបានឯកភាពធ្វើបង្កើតឱ្យមានលំហាត់ហ្វឹកហ្វឺននេះ រៀងរាល់១ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិយោធា។ លំហាត់នាគមាស ឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំ ដោយមានកម្លាំងទ័ព និងសព្វាវុធចូលរួមច្រើនជាងមុនផងដែរ៕