(ព្រះសីហនុ)៖ ក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកំពុងមមាញឹកបំពេញការងារទាំងយប់ទាំងថ្ងៃ សាងសង់ស្ថានីយបូមទឹកកង្វក់ទាំង៤ទីតាំង ក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យប្រជាពលរដ្ឋបានមកលេងទឹកសមុទ្រ ប្រកបដោយភាពជឿជាក់ និងទំនុកចិត្តខ្ពស់ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តួចផ្តើមសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន៤ទីតាំង និងសន្យាសាងសង់ឲ្យរួចរាល់ មុនពិធីបុណ្យចូលឆាំ្នប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខនេះ ដែលស្ថានីយនីមួយៗមានសមត្ថភាព បូមបញ្ជៀសទឹកសម្អុយ និងបូមបង្វែរទឹកកខ្វក់ទាំងអស់នេះ កុំឲ្យហូរចូលសមុទ្រ ស្ថិតនៅភូមិសាស្ត្រក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា មានគោលបំណងគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងចីរភាព, រក្សាបាននូវសោភណ្ឌភាព ផាសុកភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់ឆ្នេរសមុទ្រ។ លើសពីនេះ ការពារសិទ្ធិ និងផលប្រយោជន៍សាធារណៈ និងឯកជន ក្នុងការអភិវឌ្ឍ និងការអភិរក្សជីវៈចម្រុះ នៃធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី និងទប់ស្កាត់ កាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិតំបន់ឆ្នេរ ការអភិវឌ្ឍទេសចរណ៍ សេដ្ឋកិច្ចសង្គម បរិស្ថាន ធនធានធម្មជាតិ វប្បធម៌ និងប្រពៃណីក្នុងតំបន់ឆ្នេរសមុទ្រនៃកម្ពុជា។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានឲ្យដឹងថា ស្ថានីយចម្រោះទឹកកខ្វក់ទី១ និងទី២ បានបញ្ចប់ការសាង់នៅដំណាច់ខែកុម្ភៈ។ ចំណែកឯស្ថានីយចម្រោះទឹកកខ្វក់ទី៣ និងទី៤ នឹងបញ្ចប់នាពាក់កណ្តាល ខែមីនា ឆ្នាំ២០១៩។

សូមរំលឹកថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤កន្លែង សាងសង់ឡើងនៅតាមឆ្នេរក្នុងខេត្តព្រះសីហនុ ដើម្បីបញ្ចៀសការបង្ហូរទឹកកខ្វក់ទៅក្នុងសមុទ្រ។ អាងចម្រោះទឹកកខ្វក់នេះ បានចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។ ជាមួយការសម្រេចសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ម្ចាស់សណ្ឋាគារ និងសំណង់ខ្នាតធំ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរួមចំណែកជាថវិកាសរុបចំនួន៣,១០០,០០០ដុល្លារសហរដ្ឋអាមេរិក៕