(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី តឹករ៉េត កំរង បានថ្លែងថា ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បានកើនឡើងដល់ប្រមាណ ៣១ពាន់លានដុល្លារ បើប្រៀធៀបកាលពី១០ឆ្នាំមុន មានតែ៩ពាន់លានដុល្លារតែប៉ុណ្ណោះ។ 

លោកស្រី តឹករ៉េត កំរង បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីអំពីការផ្សព្វផ្សាយ ភាពអនុគ្រោះពន្ធ លើមុខទំនិញដែលកម្ពុជាទទួលបានពីសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU)។
ពិធីនេះដែរក៏មានការចួលរួមពីលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លោក ថុល ណារ៉ា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម រួមទាំងមានអ្នកពាក់ព័ន្ធចូលរួមជាច្រើននាក់ទៀតផងដែរ។

លោកស្រី តឹក រ៉េតកំរង បានថ្លែងថា នៅក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មបានកើនឡើងសរុបប្រមាណ ៣១ពាន់លានដុល្លារ បើប្រៀធៀបកាលពី១០ឆ្នាំមុន ទំហំពាណិជ្ជកម្មកម្ពុជា មានតែ៩ពាន់លានដុល្លារតែប៉ុណ្ណោះ ដែលនេះជាកំណើនដ៏ឆាប់រហ័ស នៃទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ដែលកំណើននេះ មិនមែនកើតឡើងដោយឯកឯងនោះទេ គឺកើតឡើងពីការខិតខំប្រឹងប្រែង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំទាំងអស់គ្នាផងដែរ នឹងមានការចូលរួមដ៏ខ្លាំងក្លាពីវិស័យឯកជន។

លោកស្រីបានបន្ថែមថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតការងារ ការបង្កើតធុរកិច្ច ការផ្តល់សេវាដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជននៅក្នុងស្រុក និងនាំចេញ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាជនទូទាំងសកលលោកផងដែរ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្តទៀត វិស័យពាណិជ្ជកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការរក្សានូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ទៅកាន់ទីផ្សារបរទេស ដែលបានបង្កើតការងារ និងប្រាក់ចំណូលជូនដល់កម្មករ-កម្មការនីកម្ពុជា ហើយបានជួយលើកកម្ពស់ជីវភាពរស់ នៅក្នុងគ្រួសាររបស់ពួកគាត់ផងដែរ។ តាមរយ:ការពិនិត្យមើលទៅលើទិន្នន័យ នៃការនាំចេញទំនិញកម្ពុជា ក្នុងអំឡុងពេល០៣ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨ ឃើញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី មានកំណើនឡើង។

រដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា ក្រៅពីទំនិញដែលទទួលបានភាពអនុគ្រោះពន្ធ ពីសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) កម្ពុជាក៏បានស្នើសុំមុខទំនិញ ដែលស្ថិតនៅក្រោមគម្រោងអនុគ្រោះពន្ធគយន្ថែមទៀត មានដូចជា សំលៀកបំពាក់ និងវាយនភ័ណ្ឌ ស្បែកជើង កង់ និងស្ករស ដែលជាទំនិញមានសក្តានុពលរបស់កម្ពុជា។ ដូចនេះហើយ ដើម្បីបន្តកំណើនការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សាររបស់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ក្រសួងពាណិជ្ជកម្ម នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី តាមរយៈកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី ក្នុងការផ្គូផ្គងអាជីវកម្មរវាងធុរកិច្ចជនរបស់កម្ពុជា និងបណ្តាប្រទេសជាសមាជិករបស់ សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ផងដែរ៕