(ញូដេលី)៖ អគារមួយខ្នង​បាន​បាក់រលំ​នៅក្នុងរដ្ឋ កាណាតាកា (Karnataka) ភាគខាងត្បូង​ប្រទេសឥណ្ឌាតាំងពី​ថ្ងៃអង្គារមកម្ល៉េះ ហើយ​ក្រុម​​សង្គ្រោះរហូត​មកទល់​នឹងថ្ងៃព្រហស្បតិ៍នេះ​​បានរកឃើញ​សាកសពចំនួន ០៧នាក់​ហើយ ខណៈ​មនុស្ស​ប្រមាណ​ ២០នាក់ទៀត​​ត្រូវបានគេសង្ស័យ​ថា កំពុងជាប់ក្រោម​គំនរអគារ​​បាក់បែកនៅឡើយ ដែល​អាចមាន​សង្ឃឹមថា មានអ្នកនៅ​រស់ច្រើនរង់ចាំ​ការជួយ​សង្គ្រោះ។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នារសៀល​ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

អគារដែលបាន​បាក់រលំខាងលើនេះ ស្ថិតនៅក្នុងស្រុក​ដាវ៉ាដ (Dharwad) នៃរដ្ឋ Karnataka ហើយបើគិត​ក្នុងរយៈពេល ៣៦ម៉ោងចុងក្រោយ​នៃការជួយសង្គ្រោះ មនុស្ស០២នាក់​ត្រូវបាន​ទាញ​ចេញ​ពីគំនរអគារ​ដោយសុវត្ថិភាព ដោយពួកគេ​ទាំងពីរនាក់​អាចត្រឡប់​ទៅផ្ទះវិញបាន​ ព្រោះ​បានរង​របួសតិចតួច​ប៉ុណ្ណោះ។ ក្រុមសង្គ្រោះ​ឥណ្ឌាបាន​ឲ្យដឹងថា បំពង់អុកស៊ីសែន​ត្រូវបាន​បញ្ជូន​ទៅកន្លែងកើត​ហេតុ និងបាញ់បញ្ចូល​ទៅក្នុងចន្លោះ​ប្រហោងនៃអគារបាក់បែក ដើម្បី​ឲ្យអ្នកដែល​ជាប់ខ្លួន​ក្នុងនោះ មានខ្យល់​ដកដង្ហើមអាចរង់ចាំការជួយ​សង្គ្រោះ។

គួរបញ្ជាក់ថា ក្រុមសង្គ្រោះ​ឥណ្ឌា​កំពុងតែបន្ត​ជីក​កាយបន្តិចម្តងៗ ដើម្បី​ជួយ​សង្គ្រោះ​អ្នក​នៅរស់នៅ ខណៈដែល​ប្រតិបត្តិការ​​តាំងតែពីពេលកើតហេតុភ្លាមៗ កាលពីថ្ងៃអង្គារ មកទល់នឹង​ថ្ងៃព្រហស្បតិ៍នេះ មនុស្សសរុប​រហូតដល់​ទៅ ៥៦នាក់​ត្រូវបាន​សង្គ្រោះចេញដោយ​សុវត្ថិភាព ហើយសកម្មភាព​​សង្គ្រោះ​អាចនឹង​បន្តរហូត​ដល់ទៅ ០៣ថ្ងៃទៀត៕