(ភ្នំពេញ)៖ អគារពាណិជ្ជកម្ម ឈីហ្វ ថោវវើ (Chief Tower) កម្ពស់៤០ជាន់ មានទីតាំងស្របតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្ថិតនៅតំបន់ពាណិជ្ជកម្ម កណ្ដាលរាជធានីភ្នំពេញ BKK1 បានសម្ពោធបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ។

ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ អគារពាណិជ្ជកម្ម ឈីហ្វ ថោវវើ (Chief Tower) ខាងលើនេះ មានការចូលរួមពីលោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

អគារពាណិជ្ជកម្ម ឈីហ្វ ថោវវើ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុន JS Property International Group ដែលជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា រវាងក្រុមហ៊ុន JS Partner និងក្រុមហ៊ុន Chief Real Estate Development (Cambodia) Ltd.,។ ក្រុមហ៊ុនទាំងពីរ សុទ្ធសឹងតែជាក្រុមហ៊ុន ដែលមានកិច្ចសហការច្រើន ជាមួយដៃគូក្នុងស្រុក និងក្រៅស្រុក មកពីប្រទេសកម្ពុជា ម៉ាឡេស៊ី និងហុងកុង។

អគារពាណិជ្ជកម្ម Chief Tower នឹងក្លាយជាការិយាល័យកណ្ដាលនៃធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក។ ដូច្នេះ Chief Tower មិនត្រឹមតែនាំមកនូវភាពងាយស្រួលដល់ធនាគារទាំងអស់ ដែលមាននៅក្នុងការិយាល័យនោះទេ ប៉ុន្ដែថែមទាំងជួយបន្ថែមតម្លៃដល់ម្ចាស់ការិយាល័យផងដែរ។

បន្ថែមលើនេះទៅទៀត ធនាគារសមាគមន៍ធុរកិច្ចអាស៊ាន នៃប្រទេសកម្ពុជា ក៏នឹងបង្កើតការិយាល័យរបស់ខ្លួន នៅឯអគារ Chief Tower ផងដែរ ដែលនឹងជួយឲ្យអគារនេះ ក្លាយទៅជាមជ្ឈមណ្ឌលផ្ដល់សេវាកម្ម ដល់សមាគមអាស៊ានទាំងអស់។

ថ្លែងក្នុងពិធីនោះ លោក សាយ សំអាល់ បានលើកឡើងថា អគារពាណិជ្ជកម្ម Chief Tower នេះ នឹងក្លាយជាអគារគំរូ ដោយរួមបញ្ជូលនូវទិដ្ឋភាពសំខាន់ៗ នៃអគារឆ្លាតវៃ (smart building) ទាំងគុណភាពបច្ចេកទេស ទាំងសោភ័ណភាពប្រកប ដោយរចនាបថដែលឆ្លុះបញ្ចាំងពីវប្បធម៌ អារិយធម៌ខ្មែរ មានដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ធានានូវសន្ដិសុខ និងសុវត្ថិភាព ព្រមទាំងស្ដង់ដាបរិស្ថាន។

បើតាមលោក លាង មុនីរិទ្ធ បានគូសបញ្ជាក់ថា គម្រោងនេះ នឹងចូលរួមលើកមុខមាត់ សោភណភាពរបស់រាជធានីភ្នំពេញ មួយកម្រិតបន្ថែមទៀត និងជាការបញ្ជាក់នូវជំនឿទុកចិត្ត របស់អ្នកវិនិយោគលើសក្ដានុពលសេដ្ឋកិច្ច និងទីផ្សារវិស័យសំណង អចលនទ្រព្យរបស់កម្ពុជា និងជាឆ្លើយតបនឹងស្ថានភាពតម្រូវការនៃការអភិវឌ្ឍន៍នគរូបនីយកម្ម របស់សង្គមកម្ពុជាផងដែរ៕