(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ឆ្នាំ២០១៨ បានបង្ហាញថា ជំងឺមិនឆ្លងប្រមាណ៦៤% នៃអាត្រាស្លាប់ទាំងអស់នៅកម្ពុជា ក្នុងនោះជំងឺសរសៃរឈាមបេះដូង មានអត្រាស្លាប់ខ្ពស់ជាងគេ គឺ២៤% បន្ទាប់មកគឺជំងឺមហារីក១៤% ជំងឺផ្លូវដង្ហើម៤% និងជំងឺទឹកនោមផ្អែម ២% ។

ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញបើកពិធីសម្ពោធ គម្រោងទឹកនោមផ្អែមលើកុមារ និងមនុស្សពេញវ័យ នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ជំងឺមិនឆ្លង ជាជំងឺដ៏ស្ងៀមស្ងាត់ កាចសាហាវបំផុត ដែលជាឃាតករលាក់មុខ សម្លាប់ប្រជាពលរដ្ឋ,បច្ចុប្បន្ននេះ កំពុងកើតមានកាន់តែច្រើននៅក្នុងចំណោមប្រជាជនទូទៅ។ វាជាបញ្ហាសុខភាពសាធារណៈ ដែលតំរូវឱ្យយើងទាំងអស់គ្នា គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្ដទុកដាក់ និងចាត់ទុកជំងឺមិនឆ្លងជាអទិភាព»

លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងទៀតថា ភាគច្រើននៃជំងឺមិនឆ្លង មិនព្យាបាលឱ្យជាសះស្បើយបានទេ តែអាចបង្ការបានរហូត ដល់៨០% ប្រសិនបើយើងនាំគ្នា ធ្វើការកែប្រែទំលាប់ ឬឥរិយាបថ ដែលប្រឈមនឹងហានិភ័យធំៗចំនួន៤បាន គឺ បញ្ឈប់ការជក់បារី, បជ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង ប្រកបដោយគ្រោះថ្នាក់, បរិភោគរបបអាហារ ដែលប្រកបដោយ សុខុមាលភាព និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងជាប្រចាំ។

ជាងនេះទៅទៀត បើតាមរបាយការណ៍អង្គេត STEPS នៃជំងឺមិនឆ្លងឆ្នាំ២០១៦ បង្ហាញថា ៩.៦% នៃប្រជាជនកម្ពុជា ដែលមានកម្រិតជាតិស្ករនៅក្នុងឈាម ខ្ពស់ឬកំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម និងកំពុងតែទទួលបានការព្យាបាល ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បញ្ជាក់ថា «ដើម្បីឆ្លើតបទៅនឹងបញ្ហាជំងឺមិនឆ្លង ដែលមានការកើនឡើងនោះ ពិសេសផ្ដោតទៅលើជំងឺទឹកនោមផ្អែម និងលើសសំពាធឈាម ក្រសួងសុខាភិបាល បានធ្វើការបណ្ដុះបណ្ដាលបំពេញបន្ថែម ដល់មន្ដ្រីសុខាភិបាល ដែលបម្រើការងារនៅតាមមន្ទីរពេទ្យខេត្ដចំនួន១៧ រហូតដល់ពេលនេះ យើងមានសេវាទឹកនោមផ្អែម នៅតាមគ្លីនិកជំងឺទឹកនោមផ្អែមចំនួន២៨គ្លីនិក ហើយកំពុងតែនឹងពង្រីកបន្ថែមជាបន្ដបន្ទាប់»

ជាមួយគ្នានេះផងដែរ ក្រសួងក៏បានធ្វើការបណ្ដុះបណ្ដាលដល់មន្ដ្រីនៅតាមមណ្ឌលសុខភាព ពីការផ្ដល់ប្រឹក្សាធ្វើតេស្ដឈាម រកមើលស្ករក្នុងឈាម របៀបបញ្ជូនការថែមទាំបន្ដទៅសហគមន៍បានចំនួន៦៤កន្លែង។ ការបណ្ដុំបណ្ដាលបន្ដ និងផ្ដល់សេវាប្រកបដោយសមធម៌នេះ គឺស្របទៅនឹងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតលើកទី៤០ របស់ក្រសួងសុខាភិបាល កាលពីកន្លងមកថ្មីៗនេះ។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីសុខាភិបាល ក៏បានអំពាវនាវដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ រួមគ្នាធ្វើការផ្សព្វផ្សាយបន្ដ និងជំរុញគាំទ្រឱ្យសេវាទឹកនោមផ្អែមនេះ មានដំណើរការល្អ ជូនប្រជាជន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ពិសេសត្រូវបន្ដអប់រំដល់ប្រជាពលរដ្ឋ ឱ្យយល់ពីរបៀបរបបរស់នៅប្រចាំ ដើម្បីទទួលបានសុខភាពល្អ ៕