(ប៉ៃលិន)៖ លោក ហុក សុផល ក្នុងនាមលោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន (ស.ស.យ.ក) បានដឹកនាំក្រុមយុវជន ស.ស.យ.ក ខេត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្ត ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នាពេលកន្លងមក ចំនួន១៤គ្រួសារ នៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។

លោក ហុក សុផល អនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានលើកឡើងថា ស.ស.យ.ក ខេត្ត បានប្តេជ្ញាចិត្តបន្តធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីយុវជន ប្រជាពលរដ្ឋ និងសង្គមជាតិ ជារៀងរហូតទៅ ជាពិសេសសកម្មភាពមនុស្សធម៌នានា ហើយជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារ ស.ស.យ.ក ខេត្ត បានចុះមកជួយជួសជុលផ្ទះជូនដល់ស្ត្រីមេម៉ាយ ដែលមានជីវភាពទីទាល់ក្រ គ្មានទីពឹង។

លោកអនុប្រធាន បានបញ្ជាក់ថា លោកស្រី បាន ស្រីមុំ ជានិច្ចជាកាល បានដឹកនាំក្រុមយុវជន ស.ស.យ.ក ចូលរួមការងារសង្គម ការងារមនុស្សធម៌ ជាពិសេសចុះជួយដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្ត ព្រមទាំងខិតខំគៀរគររកសប្បុរសជន និងការចូលរួមពីគ្រប់មជ្ឍដ្ឋាន ដើម្បីជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ជួបការលំបាកបន្តទៀត។

លោក ហុក សុផល ក៏បានជំរុញដល់យុវជន ស.ស.យ.ក ខេត្តទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាព និងមានសាមគ្គីភាព ប្រកបដោយឆន្ទះមុះមុត ដើម្បីបំពេញការងាររបស់ខ្លួនលើគ្រប់វិស័យ ដូចជា៖ ការចូលរួមរៀបចំព្រឹត្តិការណ៍នានា ការសម្អាតបរិស្ថានទីក្រុង ការលេងកីឡាដើម្បីសុខភាព ការចូលរួមបរិច្ចាកឈាមដល់មន្ទីរពេទ្យ ការចុះជួយប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រោះធម្មជាតិនានា ព្រមទាំងអប់រំដល់យុវជនឲ្យធ្វើតែអំពើល្អ និងកិច្ចការសង្គមជាច្រើនផ្សេងទៀត ពិសេសកិច្ចការមនុស្សធម៌នេះតែម្តង។

ប្រជាពលរដ្ឋរងគ្រោះ បានសម្ដែងសេចក្ដីត្រេកអរជាពន់ពេក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រី បាន ស្រីមុំ និងក្រុមការងារ ជាពិសេស ស.ស.យ.ក ខេត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្ត ដែលបានជួយជួសជុលផ្ទះជូនពួកគាត់បានរស់នៅគត់មុតឡើងវិញ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ មានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៤ខ្នង នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងនោះខូចខាត់ធ្ងន់ធ្ងរ ចំនួន០១ខ្នង ប៉ើងដំបូលទាំងស្រុង ០៧ខ្នង និងប៉ើងដំបូលមធ្យម ០៦ខ្នង៕