(កំពង់ស្ពឺ)៖ ការរួមគ្នាអនុវត្តការងារផ្តល់ការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ គឺជាការរួមចំណែកក្នុងការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលនេះគឺជាការលើកឡើងរបស់ លោក ឡៅ វ៉េង អគ្គនាយករងបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ លោក ឡៅ វ៉េង បានលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការសម្របសម្រួល និងការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ ដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ» រៀប​ចំធ្វើនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ស្ពឺ។

លោកអគ្គនាយករងរូបនេះ បានគូសបញ្ជាក់បន្ថែម កម្ពុជាបានដាក់ប្រកាស ឱ្យប្រើច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ តាំងពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩ ជំពូកទី៥ ក្នុង ចាប់ពីមាត្រា២១ ដល់មាត្រា២៦ ដែលចែងពាក់ព័ន្ធការងាររបស់សិក្ខាសាលានាពេលនេះ។

លោកក្នុងនាមជាតំណាងឲ្យអគ្គនាយកបច្ចេកទេសរូបនេះ បានលើកឡើងបន្ថែមថាក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងធម្មការ និងសាសនា បានចេញលិខិតបទដ្ឋានទាក់ទងនឹងការបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសថ្មីៗនេះ ប្រកាសអន្តរក្រសួងលេខ២៤៨សអយ.ប្រក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្តីពីការដាក់ឱ្យអនុវត្ត នូវបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព។

ជាមួយគ្នានោះ លោក​បានផ្តល់អនុសាសន៍ឲ្យ មន្រ្តីជំនាញទាំងអស់ ពិភាក្សាគ្នាលើការបង្កើតក្រុមការងារអធិការកិច្ចលើបច្ចេកទេស សាងសង់សំណង់អាគារ ដែលបម្រើសេវាសាធារណៈ ដែលរួមបញ្ចូលជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈវិស្វករ និងគណៈស្ថាប្យករ និងមន្រ្តីជំនាញមួយចំនួនទៀត ដើម្បីធ្វើការងារនេះ។

ក្នុងពិធីនេះដែរ លោក ស៊ុ ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ បានលើកឡើង ពីសមិទ្ធផលរបស់ វិស័យពិការភាព ក្នុងខេត្តកំពង់ស្ពឺយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានគ្រឹះស្ថាន សហគ្រាស រោងចក្រ សណ្ឋាគារ អាហារដ្ឋាន សំណង់ សាកលវិទ្យាល័យសរុបប្រមាណជាង ២០០កន្លែង ហើយនឹងត្រូវបំពេញលក្ខខណ្ឌអនុវត្តតាមអនុក្រឹត្យលេខ១០៨ ស្តីពីការកំណត់អត្រា និងបែបបទនៃ ការជ្រើសរើសជនពិការចូលបម្រើការងារ»។

លោកប្រធានរូបនេះ បានបញ្ជាក់បន្ថែមថា ខេត្តកំពង់ស្ពឺយើងមាន ក្រុមការងារគ្រប់គ្រងមូលនិធិសេវាបរិយាប័នខេត្ត ដែលមានការគាំទ្រដោយអង្គការ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) មានមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មខេត្ត ១កន្លែង សម្រាប់ជនពិការមកទទួលសេវាស្តារកាយសម្បទាផ្សេងៗ និងផ្តល់សេវាដល់ឧបករណ៍ជំនួយរាងកាយផ្សេងៗ។ ចំពោះទិន្នន័យជនមានពិការភាព សរុបចំនួន៩០៥៨នាក់ ស្រី៣៩២២នាក់ ក្នុងមានកុមារពិការសរុប៨១០នាក់ កុមារីពិការ ៣៤៤នាក់ ព្រមទាំងជនពិការក្រីក្រ សរុប ៣៣០៥នាក់ ហើយជនពិការដែលបានទទួលរបបប្រចាំខែ សរុប១៥១៨នាក់ ម្យ៉ាងទៀតក៏មានប្រកាសទទួលស្គាល់ពីក្រសួង ត្រៀមទទួលការបើកផ្តល់ ប្រាក់ឧបត្ថម្ភ សម្រាប់ ថ្លៃព្យាបាលជំងឺរបស់មូលនិធិជនពិការ និងត្រៀមទទួលការបើកផ្តល់ប្រាក់របបគោលនយោបាយ នាពេលខាងមុខ នេះផងដែរ៕