(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការលើកទី៥ បានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ ដែលដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការខាងភាគីកម្ពុជា និងលោក Kong Xuanyou អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសចិន និងជាអគ្គលេខាធិការខាងភាគីចិន។

កិច្ចប្រជុំថ្នាក់អគ្គលេខាធិការលើកទី៥​នេះ គឺដើម្បីធ្វើការបូកសរុបលទ្ធផលការងារដែលសម្រេចបាន ក្នុង​ពេលកន្លងមក និងដើម្បីធ្វើការពិភាក្សាលើការអនុវត្ត តាមការសម្រេចរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា ទៅកាន់ប្រទេសចិន កាលពីខែមករា ឆ្នាំ២០១៩​កន្លងទៅ និងត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ សម្តេតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាពេលខាងមុខ​ ព្រមទាំងក៏ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំផ្លូវការ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥​ផងដែរ។

ភាគីទាំងពីរ បានសម្ដែងនូវការពេញចិត្ត ចំពោះលទ្ធផលការងារដែលសម្រេចបាននៅក្នុងពេលកន្លងមក នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃប្រទេសទំាងពីរ ដែលកាន់តែមានលក្ខណៈស៊ីជម្រៅ, កាន់តែជិតស្និត និងស្មោះត្រង់ ព្រមទាំងសម្រេចបាននូវផ្លែផ្កាជាច្រើនរាប់មិនអស់។​

លទ្ធផលទាំងនេះ កើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរលុង ដែលជាស្នាប្រហស្ថរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន ក៏ដូចជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា និងថ្នាក់ដឹកនាំចិនពីមុន និងបច្ចុប្បន្ន ជាពិសេស​ប្រធានាធិបតី ស៊ី ជីនភីង និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។

អង្គប្រជុំក៏បានធ្វើការពិភាក្សា និងរៀបចំនូវផែនការការងារសម្រាប់អនុវត្តទៅថ្ងៃមុខ ដើម្បីបន្តធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូ ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន កាន់តែទូលំទូលាយ​ស៊ីជម្រៅ និងផ្លែផ្កា ដែលនឹងផ្តល់នូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសប្រជាជនកម្ពុជា ក្នុងការធានារក្សាសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការលើកតម្កើងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា៕