(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា សមិទ្ធផលនានា និងភាពជោគជ័យនៅគ្រប់ដំណាក់កាល គឺពិតជាមិនអាចកាច់ផ្តាច់បានពីការចូលរួមចំណែកនៅក្នុងទំនាក់ទំនងរវាងយោធា និងអង្គភាពស៊ីវិលនោះឡើយ។

ការលើកឡើងបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាអធិបតីពិធីបិទសិក្ខាសាលាស្តីពី សម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល នៅវិមានសន្តិភាព។

ប្រមុខការពារជាតិកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះ៖ «សមិទ្ធផលនា និងភាពជោគជ័យនៅគ្រប់ដំណាក់កាលនេះ គឺពិតជាមិនអាចកាច់ផ្តាច់ បានពីការចូលរួមចំណែក នៅក្នុងទំនាក់ទំនងរវាងយោធា និងស៊ីវិលនោះឡើយ ហើយបានបង្ហាញពីស្មារតីសាមគ្គីភាពមានន័យ ស្មើនឹងសម្ព័ន្ធមេត្រីភាព ដូចអ្វីដែលយើងទាំងអស់គ្នា បាននឹងកំពុងមានសកម្មភាព រួមចំណែកយ៉ាងផុសផុលនាពេលនេះ»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា អ្វីៗដែលជាសមិទ្ធផលបន្តរហូតមកដល់សព្វថ្ងៃនេះ គឺជាមោទនភាពជាតិ ប្រវត្តិសាស្ត្រ ដែលកម្ពុជានៅតែរក្សាបានរហូតមក និងអ្វីៗដែលយើងចងចាំមិនអាចបំភ្លេចបាននោះ គឺគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាទសវត្សចុងក្រោយនេះ ជាពិសេសគឺនៅចំពោះមុខ ស្ថានការណ៍យោធា ដែលបានកើតឡើងដ៏តានតឹង នៅតាមបណ្តាទិសមួយចំនួននៃតំបន់ព្រំដែនកម្ពុជា-ថៃ ពីឆ្នាំ២០០៨មក ក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី របស់កងយោធពលខេមរភូមិន្ទ ការការពារដោយជោគជ័យពីការរំលោភបំពាននានាពីសំណាក់បរទេសខាងក្រៅ។ ជាពិសេសសម្តេចតេជោ បានដាក់ចេញនូវ «យុទ្ធសាស្ត្រ៣ គឺសកម្មភាពប្រតិបត្តិការ និងការអភិវឌ្ឍ១០» «គោលការណ៍នយោបាយសំណាញ់សុវត្ថិភាពសង្គម» និង «ខឿនការពារជាតិរបស់ប្រជាជន» ដែលចលនានេះមានការចូលរួមយ៉ាងសស្រាក់សស្រាំ ពីសំណាក់មហាជនជាតិជាធ្លុងមួយ តាមរយៈសមរភូមិក្រោយជួយឧបត្ថម្ភសមរភូមិមុខ។

សម្តេចពិជ័យសេនា បានបន្ថែមទៀតថា សន្តិភាពដែលកម្ពុជា សម្រេចបានដោយលំបាកនេះ គឺមានអត្ថន័យធំធេងណាស់សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូលដែលទាមទារដាច់ខាតត្រូវតែការពារឱ្យបានគង់វង្ស ។ ក្នុងន័យនេះ គោលនយោបាយ ខឿនការពារជាតិរបស់ប្រជាជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកការពារនូវឯករាជ្យ អធិបតេយ្យជាតិ សន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់ឧបាយកលសាបព្រោះ បដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រឡើងពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ។

រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ថា រហូតមកពេលនេះប្រពៃណីនៃមហាសាមគ្គី សម្ព័ន្ធមេត្រីភាព រវាងកងទ័ព និងប្រជាជនកម្ពុជា បានវិវត្តន៍រីកចម្រើនគួរឱ្យគត់សម្គាល់ដោយមានវិវត្តន៍ប្រែប្រួលពីការជួយឧបត្ថម្ភ សម្រាប់តែសេចក្តីត្រូវការនៅពេលប៉ះទង្គិចយោធាតាមទិសនានា ទៅជាការចាប់ផ្តើបនូវផ្នែកខ្លះដែលមានលក្ខណៈបម្រើឱ្យយុទ្ធសាស្ត្រ សំណង់ការពារជាតិ និងជាយុទ្ធសាស្ត្រសេដ្ឋកិច្ចសង្គមកិច្ចយូរអង្វែង ហើយមានលក្ខណៈសាកលផុសផុលទៀតផង៕