(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ថៅកែរោងចក្រ W & D (Cambodia) Co., Ltd. ឲ្យទទួលយកកម្មករ កម្មការិនី ជាង១០០នាក់ ចូលធ្វើការវិញ ក្រោយពីពួកគេចាញ់បោក ការញុះញង់របស់មនុស្សមួយចំនួន ឲ្យទៅធ្វើបាតុកម្មរហូតដល់ ថៅកែរោងចក្របឈ្ឈប់ពីការងារ។
ការអំពាវនាវបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្ដេចតេជោ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន១,២៤៥នាក់ ដែលក្នុងនោះ មាននារី៥៧២នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះ រៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ចំពោះម្ចាស់រោងចក្រ W&D សូមឲ្យទទួលយកកម្មករ កម្មការិនី ចូលធ្វើការវិញ ហើយផ្ដល់នូវភាពកក់ក្ដៅទាំងសងខាង»។
ត្រុងចំណុចនេះ សម្តេចតេជោ បានលើកឡើងថា កម្មករយើងខ្លះ គឺអនុវត្ដខុសច្បាប់ នៅក្នុងពេលដែលច្បាប់តម្រូវថា ទូទាត់៦ខែម្ដង ប៉ុន្ដែកម្មករយើងនាំគ្នា ទៅធ្វើបាតុកម្មទាមទារបើកប្រាក់ផ្ដាច់ ដោយមានការញុះញង់ របស់មនុស្សមួយចំនួន ខណៈដែលធ្វើយូរៗទៅ ម្ចាស់រោងចក្រគេបឈ្ឈប់ កុំឲ្យធ្វើការ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា សម្ដេចបានប្រាប់ទៅ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យធ្វើការសម្របសម្រួលជាមួយថៅកែរោងចក្រ ចំពោះបញ្ហានេះ។ សម្ដេចតេជោ ក៏បានអំពាវនាវ ទៅកាន់ថៅកែរោងចក្រ សូមឲ្យទទួលយកកម្មករ កម្មការិនី ចូលធ្វើការវិញផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការធ្វើកូដកម្ម មិនមែនជាមធ្យោបាយទេ និងការបណ្ដេញកម្មករ ក៏មិនមែនជាមធ្យោបាយដែរ ដូច្នេះហើយសូមឲ្យមានការយល់គ្នាត្រង់ចំណុចនេះ និងស្នើឲ្យកម្មករ កម្មការិនី កុំមានការទាមទារហួសហេតុពេកនោះដែរ។
សម្តេចតេជោ ហ៊ុ ន សែន បានបញ្ជាក់ទៀតថា នៅពេលដែលខ្លួនរាប់ខែ មិនបានចូលធ្វើការ បែបជាទារប្រាក់ខែ បានសេចក្ដីថា ទៅកូដកម្មបានប្រាក់ខែ គឺវាដូចជាស្រួលពេក ត្រូវរកវិធីសម្រកសម្រួលគ្នា ត្រូវធ្វើយ៉ាងម្ដេច ទៅលើបញ្ហានេះ ព្រោះយើងបានធ្វើខុសច្បាប់ពិតប្រាកដ បើគេឲ្យចូលធ្វើការវិញ វាជាសំណាងមួយទៅហើយ៕