(ភ្នំពេញ)៖ ឆ្លើយតបនឹងបញ្ហាចំពោះមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ បានប្រកាសអំពាវនាវជាថ្មីទៅដល់អាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ ត្រូវបន្តចុះដោះស្រាយបញ្ហាខ្វះខាតទឹកជូនប្រជាពលរដ្ឋ បើទោះបីជាបច្ចុប្បន្នមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនក៏ដោយ។

សម្តេចតេជោ ថែមទាំងបានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវត្រងទឹកទុកនៅពេលមានភ្លៀងធ្លាក់ ដើម្បីទុកសម្រាប់ប្រើប្រាស់នៅពេលរាំងភ្ញៀងទៅវិញ។

ការប្រកាសយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន ១,២៤៥នាក់ នៅសាលបណ្ណាល័យជាតិ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបញ្ជាឱ្យមន្ត្រីរាជការ និងក្រុមការងារនៅតាមមូលដ្ឋានទាំងអស់ ត្រូវបន្តការដោះស្រាយបញ្ហាខ្វះខាតទឹកជូនប្រជាពលរដ្ឋតទៅទៀត បើទោះបីជាកន្លងទៅមានភ្លៀងធ្លាក់នៅខេត្តមួយចំនួនក៏ដោយ។

ត្រង់ចំណុចនេះ សម្ដេចតេជោក៏បានលើកឡើងពីរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមផងដែរថា នៅវេលាយប់មិញមានភ្លៀងធ្លាក់នៅតំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំណែកឯខេត្តដែលមានភ្លៀងធ្លាក់ច្រើនជាងគេ មាននៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។ សម្តេចថា ស្ថានភាពនេះអាចមានទឹកហូរទៅចូលអាងវារីអគ្គិសនី នៅតំបន់កោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺផងដែរ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងបន្តថា «ភ្លៀងនេះក៏ប្រហែលមិនច្រើនទេ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ នៅពេលមានភ្លៀងត្រូវខិតខំត្រងទឹករក្សាទុក ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹក។ នេះមិនគ្រាន់តែប្រទេសយើងទេ ប្រទេសយើងរាំងស្ងួតខ្វះខាតទឹក ប៉ុន្តែប្រទេសខ្លះទៅជាទឹកជំនន់ស្លាប់មនុស្សទៅវិញ»

សម្ដេចបានបញ្ជាក់ថា បញ្ហាអាកាសធាតុក្ដៅក្នុងរយៈពេលប៉ុន្មានខែនេះ (ឥទ្ធិពលអ៊ែលនីណូ) មិនមែនបណ្ដាលមកពីការដឹកនាំរបស់សម្ដេច ដូចការលាបពណ៌នោះទេ វាគឺជាគ្រោះធម្មជាតិដែលអ្នកណាៗក៏មិនអាចប្រកែកបានឡើយ គឺមានតែការរួបរួមគ្នាដោះស្រាយបញ្ហាដែលកើតមាននោះទេ តួយ៉ាងដូចជាបញ្ហាខ្វះខាតទឹកប្រើប្រាស់នេះជាដើម៕