(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកំពុងជួបប្រទេសនូវបញ្ហាកង្វះខាតថាមពលអគ្គិសនី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវដល់ពាណិជ្ជករទាំងអស់ ឲ្យលក់ម៉ាស៉ីនភ្លើងក្នុងតម្លៃសមរម្យ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែល Fresh News ទទួលបាន។
យោងតាមសេចក្តីថ្លែងការណ៍នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគោរព និងថ្លែងអំណរគុណជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះកិច្ចចូលរួមសហការជាមួយរាជរដ្ឋាភិបាល នៃពាណិជ្ជករពាក់ព័ន្ធនឹងការលក់ដូរម៉ាស៉ីនភ្លើង និងសម្ភារដទៃទៀតក្នុងតម្លៃសមរម្យ ជួយសម្រាលនូវការខ្វះខាតថាមពលអគ្គិសនីជាបណ្ដោះអាសន្ន ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្កើតនូវវប្បធម៌ថ្មីបន្ថែមមួយទៀត គឺវប្បធម៌នៃការចែករំលែក។ អាស្រ័យហេតុដូច្នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមអំពាវនាវដល់ពាណិជ្ជករទាំងអស់ សូមមេត្តាចូលរួម និងរក្សាស្ថានភាពក្សេមក្សាន្ដទាំងអស់គ្នា ជាមួយនឹងប្រពៃណីសាមគ្គីភាពដ៏ល្អនៃសង្គមខ្មែរ ជាពិសេសកង្វះថាមពលអគ្គិសនី ក្នុងរយៈពេលបណ្ដោះអាសន្ន នាបច្ចុប្បន្នកាលនេះ»។
«នៅក្នុងវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើង ប្រជាពលរដ្ឋទាំងអស់ តែងតែប្រកាន់ប្រតិបត្តិនូវទំនៀមទម្លាប់ និងប្រពៃណីចេះជួយយកអាសារគ្នា នៅគ្រាអាសន្នអន់ក្រ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា ថ្មីៗនេះមានការចែករំលែកតៗគ្នាលើបណ្តាញសង្គម Facebook ថា តម្លៃម៉ាស៉ីនភ្លើងបានហក់ឡើងខ្លាំង ស្របពេលដែលប្រទេសកំពុងមានបញ្ហាខ្វះខាត ថាមពលអគ្គិសនី។ ជាក់ស្តែងតាមរយៈ Facebook មានឈ្មោះថា Chan Chesda CL បានឲ្យដឹងថា ខុសគ្នាត្រឹមបីថ្ងៃម៉ាស៉ីនភ្លើងកម្លាំង ៦គីឡូវ៉ាត់ពីមុនតម្លៃ ៧៥០ដុល្លារអាមេរិក ឡើងដល់ទៅ ១,៥០០ដុល្លារអាមេរិកឯណោះ។
Facebook ដដែលនេះ បានបញ្ជាក់ថា «រឿងពិតអាទិត្យមុនខ្ញុំគិតថា ចង់ទៅរកទិញម៉ាស៉ីនភ្លើង ៦គីឡូវ៉ាត់ គេកាត់៨០០ដុល្លារ ហើយគេលក់ ៧៥០ដុល្លារ។ ខ្ញុំអត់ទិញទេ គិតថាថ្លៃ ដល់ពេលថ្ងៃក្រោយទៅម្តងទៀតពី ៧៥០ដុល្លារ ឡើងដល់១,៥០០ដុល្លារ ហើយតម្លៃ ១,១០០ដុល្លារ ឡើងដល់ទៅ ២,៥០០ដុល្លារ»។
សូមបញ្ជាក់ដែរថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តៅហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា ខាងមុខ ដែលកម្តៅនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ (El Nino) ដែលធ្វើឱ្យវារីអគ្គិសនី មិនអាចផលិតថាមពលបានគ្រប់គ្រាន់។ កម្ពុជាកំពុងខ្វះថាមពលអគ្គិសនី ប្រមាណ៤០០មេហ្គាវ៉ាត់ ហើយកម្ពុជាក៏កំពុងចរចារទិញអគ្គិសនី ពីប្រទេសតួកគី ចំនួន២០០មេហ្គាវ៉ាត់ផងដែរ។
ចំពោះកង្វះខាតអគ្គិសនីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋ មានភាពអត់ធ្មត់ និងយោគយល់អធ្យាស្រ័យ។ សម្តេចបានបញ្ជាក់ថា កង្វះថាមពលអគ្គិសនីនេះ មិនទាន់ប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថាមពលអគ្គិសនី រហូតដល់ជាង ១,០០០ មេហ្គាវ៉ាត់ទៀតឯណោះ។
ឆ្លៀតក្នុងឱកាសនេ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងអំណរគុណដល់អាជ្ញាធរអគ្គិសនី ក៏ដូចក្រសួងរ៉ែ និងថាមពល ដែលបានខំប្រឹងប្រែងចាត់ចែងដោះស្រាយ និងចែករំលែកថាមពលអគ្គិសនី ដាក់វេនជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ នៅក្នុងកាលៈទេសៈនេះ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជឿជាក់ថា បរិយាកាសនៃការខ្វះខាតថាមពលពលអគ្គិសនីជាបណ្ដោះអាសន្ននេះ នឹងបង្កើតបាននូវភាពម្ចាស់ការប្រកបដោយការអធ្យាស្រ័យ និងរួបរួមគ្នា ជាប្រវត្តិសាស្រ្ដថ្មីបន្ថែមមួយទៀត ដែលជាមោទកភាពរបស់សង្គមខ្មែរ៕