(ភ្នំពេញ)៖ លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានត្រឡប់មកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីទទួលបានភ្លើងខៀវពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានប្រកាសហៅ លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ឱ្យត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយបញ្ជាក់ថា គ្មាននរណាចាប់នោះទេ បន្ទាប់ពីព្រឹទ្ធចារ្យរូបនេះស្នើសុំចូលប្រទេស។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក លឺ ឡាយស្រេង បានបង្ហោះវីដេអូ មួយពីទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយអះអាងថា លោក នឹក ស្រុក ហើយ ចង់ វិល មក វិញ ឆាប់ៗ នេះ ប្រសិន បើ សម្តេចតេជោ ហ៊ុន សែន អភ័យ ទោស ឲ្យ លោក ដែលបានចាកចេញពីប្រទេសកម្ពុជា រយៈពេលជាង១ឆ្នាំមកនេះ។
ភ្លាមៗបន្ទាប់ពីមានការប្រកាសនេះ លោក លឺ ឡាយស្រេង បានចេញវីដេអូមួយថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសថា នឹងមិនចាប់ខ្លួនរូបលោក ពេលត្រឡប់មកដល់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា លោក លឺ ឡាយស្រេង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យសងជំងឺចិត្ត៥០០លានរៀល និងចំនួន៨លានរៀលចូលថវិការដ្ឋ ករណីប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕