(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតនូវការប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ ដោយមិនអនុញ្ញាតឱ្យមានស្ថានតំណាង តៃវ៉ាន់ នៅក្នុងប្រទេសកម្ពុជាឡើយ។ ជាមួយគ្នានេះសម្តេចបានប្រកាសថាជំហរនេះនឹងមិនងាករេ ទៅអនុវត្តនយោបាយចាប់ដៃជាន់ជើងឡើយ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅចំពោះមុខវិនិយោគិនខ្មែរសែស្រឡាយចិន ជាច្រើននាក់ នៅក្នុងពិធីពិសារភោជនាហារជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ នាយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ។

នៅចំពោះមុខវិនិយោគិនទាំងនោះ ដែលមានការចូលរួមដោយអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីគោលនយោបាយចិនតែមួយ ដែលបានអនុវត្តនៅកម្ពុជា តាំងពីជំនាន់ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងទសវត្ស៥០-៦០ រហូតដល់រាជកាលសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បច្ចុប្បន្ន ហើយសម្តេចបានស្នើឱ្យវិនិយោគិនទាំងអស់គាំទ្រគោលនយោបាយនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកទាំងអស់អាចនឹងយល់ថា ហេតុអ្វីបានជា លោកហ៊ុន សែន មិនព្រមបើកឱកាសឱ្យមានស្ថានតំណាងតៃវ៉ាន់ប្រចាំ នៅកម្ពុជា ដូចដែលប្រទេសមួយចំនួនបានធ្វើ សុំទោស ! ហ៊ុន សែន មិនអាចអនុវត្តបានទេនូវគោលនយោបាយចាប់ដៃជាន់ជើងទេ»

សម្តេចបានលើកឡើងទៀតថា សម្តេចបានបើកឱកាសឱ្យជនជាតិចិនដែលមកពីតៃវ៉ាន់មករកស៊ីនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្តេចបានលើកសំណូមពរទៅកាន់អ្នកទាំងនោះវិញថា នឹងមិនអនុញ្ញាតឱ្យមានស្ថានតំណាងតៃវ៉ាន់នៅកម្ពុជាទេ ហើយក៏មិនអនុញ្ញាតឱ្យលើកទង់ជាតិតៃវ៉ាន់នៅលើទឹកដីកម្ពុជាដែរ។

សម្តេចបានលើកឧទាហរណ៍ពន្យល់ថា ចិន និងកម្ពុជាមិនខុសគ្នាទេ។ បើនរណាផ្តាច់ខេត្តកម្ពុជាមួយ ចេញពីកម្ពុជា ទៅជាប់ប្រទេសផ្សេង ឬផ្តាច់ឱ្យទៅជារដ្ឋឯករាជ្យមួយ គឺកម្ពុជាមិនយល់ស្របទេ ដូច្នេះចិនក៏មិនយល់ស្របឱ្យគេផ្តាច់តៃវ៉ាន់ចេញពីខ្លួននោះដេរ។

សម្តេចបញ្ជាក់ថា៖ «ការគោរពអធិបតេយ្យភាពរបស់ចិន លើបញ្ហាតៃវ៉ាន់ ឬបញ្ហាទីបេ វាមិនខុសពីការគោរពឯករាជ្យ អធិបតេយ្យរបស់កម្ពុជាខ្លួនឯងនោះទេ ដូច្នេះសុំមេត្តាយោគយល់»

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ការអនុវត្តនូវគោលនយោបាយចិនតែមួយ មិនមែនជាគោលនយោបាយថ្មីសម្រាប់កម្ពុជាទេ គឺគោលនយោបាយនេះ បានដាក់ចេញតាំងពីជំនាន់ សម្តេចនរោត្តម សីហនុ ហើយកម្ពុជាត្រូវបន្តថ្នាក់ថ្នមនូវចំណងមិត្តភាព ដែលបានកសាងដោយសម្តេចនរោត្តម សីហនុ មកដល់បច្ចុប្បន្ននេះ ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានមកដល់ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយក៏ជាមិត្តដែកថែបថែមទៀត៕