(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ប្រព័ន្ធថែទាំសុខភាព ត្រូវធានាយ៉ាងហោចណាស់ ឱ្យមានសេវាសុខភាពជាសារវ័ន្ដ សម្រាប់ប្រជាពលរដ្ឋ ទាំងអស់ប្រើប្រាស់ ពោលគឺកញ្ចប់សេវាមួយ ដែលឆ្លើយតបទៅនឹងបន្ទុកជំងឺ ឬបញ្ហាសុខភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទៅ ទាំងនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់ថ្នាក់ ទំាងនៅទីប្រជុំជន និងតំបន់ជនបទ ហើយសេវាទាំងអស់នោះទៀតសោត ត្រូវមានគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាព ។

ទន្ទឹមនឹងនោះ ប្រព័ន្ធសុខាភិបាល ត្រូវធានាថា គ្មានប្រជាពលរដ្ឋណាម្នាក់ មិនបានទទួលសេវាថែទាំសុខភាព ពេលមានជំងឺដង្កាត់ ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវានោះទេ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្ដី ក្នុងឱកាសបិទវេទិកាលើកទី៣ ស្ដីពីការគ្របដណ្ដប់សុខភាព ជាសកលនៅកម្ពុជា នាសណ្ឋាគារភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា វេទិការលើកទី៣នេះ ជាព្រឹត្ដិការណ៍នៃការជួបជុំ ដ៏មានសារៈសំខាន់ របស់មន្ដ្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ អ្នកជំនាញការជាតិ អន្ដរជាតិ ដៃគូអភិវឌ្ឍន៍ភាគីពាក់ព័ន្ធនានា ដើម្បីឆ្លុះបញ្ចំាងទៅលើវឌ្ឍនភាព បញ្ហាប្រឈម និងកាលានុវត្ដភាពរបស់កម្ពុជា ក្នុងការខិតខំប្រឹងប្រែងរបស់ខ្លួន ឆ្ពោះទៅសម្រេច ការគ្របដណ្ដប់សុខភាពជាសកល តាមរយៈបទអន្ដរាគមន៍របស់មន្ដ្រី ជំនាញ នៃអង្គការសុខភាពពិភពលោក មន្ដ្រីជំនាញ ពីប្រទេសថៃ និងពីប្រទេសហ្វីលីពិន ។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាវៃ និងប្រកបដោយគតិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានតស៊ូប្ដូរផ្ដាច់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចិរភាព ដោយបាននាំមកនូវការរីកចម្រើនលូតលាស់ សេដ្ឋកិច្ចគួរឱ្យស្ងប់ស្ងែង និងការកាត់បន្ថយជាអតិបរមា នូវភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ជាពិសេសជានិច្ចកាល បានចាត់ទុកការលើកស្ទួយស្ថានភាពសុខភាពប្រជាពលរដ្ឋគ្រប់រូប ជាអាទិភាពមួយនៃការវិនិយោគធនធាន ក្នុងវិស័យសង្គមកិច្ច។

លើសពីនោះ រដ្ឋមន្ដ្រីបានបញ្ជាក់ថា «ខ្ញុំកក់សម្គាល់ឃើញថា កម្ពុជាសម្រេចបាននូវវឌ្ឍនភាពជាច្រើន ក្នុងការពង្រឹងប្រតិបត្ដិការនៃប្រព័ន្ធសុខាភិបាល ក្នុងដំណើរឆ្ពោះទៅកាន់ការគ្របដណ្ដប់សុខភាពជាសកល មានជាអាទិ៍ ការពង្រីកការគ្របដណ្ដប់នៃសេវាសុខភាព និងអន្ដរាគមន៍ សុខភាពសាធារណៈ កែលម្អគុណភាព សេវា និងពង្រីកយន្ដការគាំពារនៃសេវាសុខភាព ដូចជាកម្មវិធីមូលនិធិសមធម៌ និងបេឡាជាតិ របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព»

រាជរដ្ឋាភិបាល បានចាត់ទុកថាសុខភាពរបស់ប្រជាពលរដ្ឋ គឺជាទ្រព្យធនដ៏សំខាន់មួយដែលមិនអាចខ្វះបាន នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយចិរភាព ពិសេស សម្រាប់ការរក្សាសេ្ថរភាព នៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ ការផ្ដើមចេញពីទស្សនៈ វិស័យនេះ រាជរដ្ឋាភិបាល បានបង្កើតធនធានវិនិយោគយ៉ាងច្រើន លើការអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធជាមូលដ្ឋាន នៃប្រព័ន្ធសុខាភិបាល មានជាអាទិ៍ ៖ សំណង់មូលដ្ឋានសុខាភិបាល ការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្គត់ផ្ដង់ឱសថបរិក្ខារ បំពាក់ឧបករណ៍ពេទ្យ បច្ចេកវិទ្យាវេជ្ជសាស្រ្ដ។

រដ្ឋមន្ដ្រី ម៉ម ប៊ុហេង ថ្លែងបន្ថែមថា «រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការដាក់ចេញទិសដៅបន្ថែម ជួយសម្រាលនូវទុក្ខលំបាក និងលើកកម្ពស់សុខភាពរបស់ពលរដ្ឋ ដោយពាក់កណ្ដាលឆ្នាំ២០១៩នេះ គឺឧបត្ថម្ភដល់ស្ដ្រីក្រីក្រ ដែលមកពិនិត្យផ្ទៃពោះ មុនសម្រាល និងក្រោយសម្រាលរួម ទាំងកុមារផង។ ដោយស្ដ្រីដែលមកពិនិត្យផ្ទៃពោះ ៤លើក មុនសម្រាល ពេលសម្រាល និងក្រោយសម្រាល១០ដង នឹងផ្ដល់ថវិកាបន្ថែម ហើយកិច្ចការងារនេះ យើងកំពុងតែរៀបចំផងដែរ ។លើសពីនោះ យើងកំពុងតែខិតខំបន្ថែមទៀត ដើម្បីផ្ដល់នូវសំណាញ់សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដើម្បីធានាថា ថាអ្នកណា៏ដោយ នៅគ្រប់ទីកន្លែង ត្រូវតែទទួលបាននូវសេវាថែទាំសុខភាព»

សូមជម្រាបថា រាជរដ្ឋាភិបាល បានបង្កើនការចំណានក្នុងការពង្រីកការគ្របដណ្ដប់ នៃកម្មវិធីមូលនិធិសមធម៌ ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ កម្មករនិយោជិត ក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋ ជាគោលដៅមួយចំនួនផ្សេងទៀត ឱ្យជៀសផុតពីហានិភ័យហិរញ្ញវត្ថុ នៅពេលមកប្រើប្រាស់សេវាថែទាំសុខភាព នៅពេលមានជំងឺ ឬបញ្ហាសុខភាព ។
ដោយឡែក របបសន្ដិសុខសង្គម ផ្នែកថែទាំសុខភាព ក៏ត្រូវបានពង្រីកការគ្របដណ្ដប់ ដល់មន្ដ្រីសាធារណៈអតីតមន្ដ្រីរាជការ និងអតីតយុវជន បន្ទាប់ពីរបបសន្ដិសុខ សង្គមផ្នែកថែទំាសុខភាព សម្រាប់កម្មករនិយោជិត ក្នុងប្រព័ន្ធ ត្រូវដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១៦ និងកម្មវិធីជំនួយសង្គម សម្រាប់ស្ដ្រីក្រីក្រ ក្នុងការទទួលបានសេវាថៃទំាគភ៌ សេវាសម្រាលមានសុវត្ថិភាព និងសេវាពិនិត្យថែទាំក្រោយសម្រាលដេលនឹងចាប់ផ្ដើម នៅពាក់កណ្ដាលឆ្នាំ២០១៩នេះ៕