(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានដាក់ចេញផែនការ ឲ្យមន្ត្រីក្រោមឱវាទ ឲ្យយកចិត្តទុកដាក់ទប់ស្កាត់ចំពោះបញ្ហាចោរកម្ម ដែលអាចកើតមានឡើង ដូចជាចោរគាស់ផ្ទះ លួច ឆក់ ប្លន់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ក្នុងការធានាសុខសុវត្ថិភាព ជូន ប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

លោក ជា ពិសី បានដាក់ចេញនូវផែនការ យ៉ាងដូច្នេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យជុំនាញចំណុះរដ្ឋបាលខណ្ឌ លោក-លោកស្រីចៅសង្កាត់ នាយនគរបាលប៉ុស្ដិ៍ មេភូមិ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំខាងលើនេះ លោក ជា ពិសី បានដាក់ចេញនូវរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖
*ទី១៖ កំណត់បែងចែកភារកិច្ច វេនប្រចាំការ និងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ទីកន្លែងសប្បាយភាពនានា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។
*ទី២៖ ត្រៀមចាត់ចែងកម្លាំងមហាជនចូលរួមសង្រ្គាន្តវត្តភ្នំ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចំនួន២០០នាក់។
*ទី៣៖ ទប់ស្កាត់បញ្ហាចោរកម្ម ដូចជាចោរគាស់ផ្ទះ លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ និងបញ្ហាគ្រឿងញៀន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខាងមុខ។
*ទី៤៖ ត្រៀមបង្ការរគ្រោះអគ្គីភ័យផ្សេងៗ ដែលកើតឡើងជាយដ្ឋាហេតុ។
*ទី៥៖ ការងារគ្រប់គ្រងសំរាមតាមមូលដ្ឋាន នាឱកាសពិធីបុណ្យចូលឆ្នាំ។
*ទី៦៖ ផ្សព្វផ្សាយឲ្យមានការចូលរួមសង្ក្រាន្តវត្តទួល និងកំណត់កម្លាំងការពារទីតាំងប្រារព្ធពិធី៕