(ភ្នំពេញ)៖​ លោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានចេញដីការបង្គាប់ឱ្យឃុំខ្លួន បុរសជនជាតិស្វីសម្នាក់ឈ្មោះ HOFER PETER អាយុ៦៤ឆ្នាំ ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះតាមនីតិវិធី ពាក់ព័ន្ធនឹងករណីបន្លំក្រដាស់ប្រាក់ដុល្លារក្លែងក្លាយ នៅទូរ ATM ធនាគារ ABA។

វរ:សេនីយឯក ទៀង ចន្ទ័ខន្តិសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា ករណីនេះបន្លំប្រាក់ដុល្លារនេះ បានកើតឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩៖៣០នាទី នៅចំណុចទូរ ATM ធនាគារ ABA ទីតាំងផ្ទះលេខ ៦៨ផ្លូវលេខ ៥៣ កែងផ្លូវលេខ ១៣៦ភូមិ១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យកាន់លិខិតឆ្លងដែនលេខ X៤៥៨០៨៤៤ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ១៧ ផ្លូវលេខ១៤៤ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងដែលចាប់យកបានមានលុយក្រដាស់១០០ដុល្លារក្លែងក្លាយចំនួន០១សន្លឹក លុយដុល្លារចំនួន១១៦$ និងលុយថៃចំនួន៥២៤០បាត លុយខ្មែរចំនួន២មុឺនរៀល, លិខិតឆ្លងដែន ១ក្បាល , ទូរស័ព្ទដៃម៉ាក Xiami ពណ៌ខ្មៅចំនួន១ , វ៉ែនតាចំនួន២, ថ្នាំពេទ្យមួយចំនួន , កាតATM ចំនួន៤, កាតសំគាល់ខ្លួនចំនួន៣ , ប្រអប់ដាក់កាតចំនួន១, ប័ណ្ណបើកបរអន្តរជាតិចំនួន១, កាបូបស្ពាយពណ៌ខ្មៅចំនួន១(ជារបស់ជនសង្ស័យ) ។

តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែមេសាឆ្នាំ ២០១៩ ជនសង្ស័យខាងលើ បានទៅដកលុយពីទូរ ATM ក្នុងធនាគារ ABA ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយជនសង្ស័យបានដកលុយចំនួន១០០$ (មួយរយដុល្លារ) ចេញពីទូរ ATM បានហើយ ក៏យកលុយ១០០ ដុល្លារ នោះមកបង្ហាញដល់បុគ្គលិកធនាគារ ហើយបានប្រាប់ថាជាលុយក្លែងក្លាយ ពេលនោះជនរងគ្រោះ(តំណាងធនាគារ) បានពិនិត្យលុយក្លែងក្លាយនោះ និងនិយាយប្រាប់ជនសង្ស័យថា ចាំជួយឆែកមេីលរឿងនេះឱ្យ និងឱ្យជនសង្ស័យត្រឡប់ទៅវិញសិនចាំល្ងាចម៉ោង ១៥៖០០នាទី ចាំមកដោះស្រាយជូន ពេលនោះជនសង្ស័យ ក៏បានចេញទៅបាត់ទៅ បន្ទាប់មកជនរងគ្រោះ បានត្រួតពិនិត្យ និងឆែកកាម៉េរ៉ាសុវត្ថិភាពមើលទើបដឹងថា ជនសង្ស័យលួចបន្លំយកលុយក្រដាស់ ១០០ ដុល្លារក្លែងក្លាយចេញពីកាបូបស្ពាយពណ៌ខ្មៅមកកាន់បន្លំបង្ហាញបុគ្គលិកធនាគារ ABA ថា ជាលុយដុល្លារដែលដកបានពី ATM នោះជាលុយដុល្លារក្លែងក្លាយរហូតដល់ម៉ោង ១៥៖០០នាទី ជនសង្ស័យត្រលប់មកវិញ ទើបជនរងគ្រោះបានធ្វើការសួរនាំ និងបើកឱ្យមើលកាម៉េរ៉ាសុវត្ថិភាពទើបជនសង្ស័យ បានសារភាពថាខ្លួនពិតជាមកធ្វើការបន្លំពិតប្រាកដមែន។

បន្ទាប់មកជនរងគ្រោះ បានធ្វើការនាំខ្លួនជនសង្ស័យ និងវត្ថុតាងលុយ ១០០ដុល្លារ ក្លែងក្លាយយកមកប្រគល់ជូនកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ដើម្បីធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕