(កែប)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក ឯក ក្រិត រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា, លោក កែន សត្ថា អភិបាលខេត្តកែប និងលោកឧកញ៉ា វិញ ហ៊ួរ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅប្រគល់ផ្ទះ ជូនអតីតយុទ្ធជនចំនួន១៦គ្រួសារ។

ផ្ទះនេះ ធ្វើពីថ្មប្រក់សង្ក័សី ទំហំ៤ម៉ែត្រ គុណ៩ម៉ែត្រ និងមានបន្ទប់ទឹកមួយ ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត សាងសង់ដោយឧកញ៉ា វិញ ហួរ ជូនដល់បងប្អូនអតីត យុទ្ធជនខេត្តកែប។ ពិធីនេះ បានប្រារព្ធធ្វើឡើង នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ជូនដល់អតីតយុទ្ធជន។ បន្ទាប់មកលោកអគ្គលេខាធិការ បានថ្លែងអំណរគុណ ចំពោះបងប្អូន ដែលបានធ្វើជាគំរូល្អ នៅមូលដ្ឋាន រក្សាបានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ក្នុងនាមខ្លួនជាអតីតកងកម្លាំងប្រដាប់អាវុធ។

ជាមួយគ្នានេះដែរ លោកក៏បានផ្តាំផ្ញើដល់បងប្អូន ដែលមករស់នៅទីនេះ ត្រូវចេះរក្សាអនាម័យ ដើម្បីបង្ការជំងឺ ថែរក្សាផ្ទះសម្បែង និងត្រូវចេះសាមគ្គីគ្នា អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក រវាងអ្នកជិតខាងគ្នា។ លោកទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ស.អ.ក បានសំណូមពរឲ្យលោកអភិបាលខេត្តកែប ចលនាសប្បុរសជន ជួយឧបត្ថម្ភបងប្អូន ក្នុងដំណាក់កាលដែលពួកគាត់ទើបមកនៅថ្មី។

ជាការឆ្លើយតបចំពោះមុខ លោកអភិបាលខេត្ត បានសម្រេចតបណ្តាញអគ្គិសនី ចូលមកដល់ផ្ទះបងប្អូន។

នៅក្នុងពិធីនេះ លោកឧកញ៉ា វិញ ហ៊ួរ ក្នុងនាមសម្តេចទាំងពីរ បានឧបត្ថម្ភ សម្ភារ ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ជូនបងប្អូនទាំង១៦គ្រួសារ ដែលទទួលបានផ្ទះ និងថវិកាក្នុង១គ្រួសារ ២០ម៉ឺនរៀល និងជូនបងប្អូនអតីតយុទ្ធជន ដែលមកចូលរួមក្នុងពិធីនេះ ចំនួន១០០នាក់ ក្នុងម្នាក់ៗ ចំនួន៥ម៉ឺនរៀល។

បងប្អូនអតីតយុទ្ធជន ទាំង១៦គ្រួសារ សូមសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាល បានគិតគូរពីសុខទុក្ខរបស់ពួកគាត់ ទាំងជីវភាព រស់នៅទាំងសុខភាព ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត ពួកគាត់សូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារបានសុខសប្បាយ សុខភាពរឹងមាំ បន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត៕