(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ និងអជ្ញាធរមូលដ្ឋាន នាំអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារអតីតយុទ្ធជន មានជីវភាពខ្វះខាតនៅស្រុករវៀង ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ បញ្ហាសុខទុក្ខ និងការរស់នៅរបស់ អតីតយុទ្ធជនខ្លាំងណាស់ ក្នុងគោលបំណងរំលឹកដល់គុណបំណាច់របស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ កន្លងមកនេះ ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតអ្នកខ្លះក្លាយខ្លួនជាជនពិការ អ្នកខ្លះក្លាយជាស្ត្រីមេម៉ាយ ដូច្នេះដើម្បីផ្សាភ្ជាប់និងរំលឹកឡើងវិញអំពីគុណបំណាច់ នេះ ទើបសម្តេចបង្កើតសមាគមអតីតយុទ្ធជនកម្ពុជានេះឡើង។

លោក ច័ន្ទ សុភ័ក្ត្រា បានលើកឡើងថា សមាគមអតីតយុទ្ធជនកម្ពុជា គឺមិនបានយកកញ្ចប់ថវិការបស់រដ្ឋមកប្រើប្រាស់នោះទេ ពោលថវិកាបានមកពីការគៀងគរ ពីទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ ក៏ដូចជាបងប្អូន ទាំងអស់ដែលបានចូលរួមបរិច្ចាគ ក្នុងក្របខ័ណ្ឌអតីតសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជួយទ្រទ្រង់អតីតយុទ្ធជន យើងដែលចូលនិវត្តន៍ ឬក៏ពិការជាដើម។

លោកបន្តទៀតថា ក្នុងនាមលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ពិសេសក្នុងនាម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ទេសរដ្ឋមន្ត្រីគន់ គីម លោកបានធ្វើចំណាត់តាំងឲ្យបណ្តាសមាគមទាំងអស់តាមបណ្តាខេត្ត ត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ អតីតយុទ្ធជន ។

ជាក់ស្តែងថ្ងៃនេះ ក្នុងនាមរូបលោក ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកបាន នាំនូវអំណោយ របស់សម្តេច មកចែកជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

បើតាមលោក ច័ន្ទ សុភ័ក្រ្ដា ទោះបីអំណោយនេះមិនបានឆ្លើយតប និងសេចក្តីត្រូវការរបស់បងប្អូនក៏ពិតមែន តែបានដោះស្រាយការខ្វះខាតរបស់បងប្អូនមួយគ្រាៗ ផងដែរ ហើយអំណោយដែលចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបានថវិកា១០ម៉ឺន រៀល អង្ករ១ បេ មី១កេស ទឹកផ្លែឈើ១កេស ទឹកស៊ីអ៊ីវ១យួ ទឹកត្រី១យួ ប្រេងឆា១ដប និងប៊ីចេង១កញ្ចប់ផងដែរ៕