(បន្ទាយមានជ័យ)៖ ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា វប្បធម៌ជាតិនោះ នៅព្រឹកថ្ងៃទី១៣ ខែមេសា​ ឆ្នាំ២០១៩នេះ លោក តិប យ៉ាឌី, លោកឧកញ៉ា ឡាច ប៊ុនលីម និងលោក ខឹម ចិត្រា ប្រធាននគរបាលអន្តោរប្រវេសន៍ច្រកទ្វារប៉ោយប៉ែត សប្បុរសជនបរទេស ក្រុមអាជីវក និងប្រជាពលរដ្ឋជាច្រើននាក់ បានពិធីក្រុងពាលី និងបើកព្រះនេត្ររូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ ដែលមានកម្ពស់ជាង២ម៉ែត្រ នៅក្នុងវត្តខ្មែរពុទ្ធភូមិ ជាយដែនសីមារាម ស្ថិតនៅភូមិព្រៃព្រិចសង្កាត់-ក្រុងប៉ោយប៉ែត ដោយចំណាងថវិកាជាង២ម៉ឺនដុល្លារ។

លោក តិប យ៉ាឌី អ្នកផ្តួចផ្តើមកម្មវិធី បានថ្លែងថា ក្នុងនាមលោកជាពុទ្ធសាសនិកមួយរូប ពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួមជាមួយ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋ លោកតា ប្រជាពលរដ្ឋចំណុះជើងវត្ត ក្នុងពិធីរុងពាលី និងបើកព្រះនេត្រ រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧​ នៅថ្ងៃនេះយ៉ាងខ្លាំងក្រៃលែង។

លោកបានបន្តថា ជំរាបអំពីប្រវត្តិនៃការកកើតព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងការផ្ទេររវាងព្រហ្មញសាសនា មកព្រះពុទ្ធសាសនា ក្នុងសតវត្សទី១២ សម័យមហានគរ ដ៏រុងរឿងរបស់ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី ដូចមានចំលាក់ក្នុងប្រាសាទបាយ័នជាសក្ខីភាព។

នៅក្នុងឱកាសនោះដែរលោក តិប យ៉ាឌី បានបញ្ជាក់ ព្រមទាំងបកស្រាយយ៉ាងល្អិតល្អន់អំពីការវត្តស្ថានភាពនយោបាយនៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដំណើរទាមទារឯករាជ្យពីនឹមអាណានិគមន៍និយមបារាំង ដឹកនាំដោយសម្តេចព្រះនរោត្តមសីហនុ ការធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តមសីហនុ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧០ ដែលនាំឱ្យមានរបបកម្ពុជា ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ប៉ុលពត និងការតស៊ូរំដោះប្រទេសជាតិ និងប្រជាជន របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។

លោកបានបន្តការកសាងនេះ ដើម្បីពលរដ្ឋគ្រប់រូបមកគោរពពុទ្ធសាសនាយើង ហើយវត្តខាងលើនេះនៅជិត ជាយដែនកម្ពុជា ថៃ អាចជាគ្រិះដ៏រឹងមាំនៅតាមបន្ទាត់ព្រំដែនផងដែរ។

លោកបានបញ្ជាក់ថា ជាច្រើនសតវត្សរ៍ណាស់មកហើយ នៅចំពោះមុខព្យុះសង្ឃរា ដែលបានបោកបក់មកលើសាសនា នៃប្រជាជាតិយើង វត្តអារាមបានយកខ្នងរារាំង ដើម្បីរក្សាផ្គត់ផ្គង់ នូវវប្បធម៌ប្រពៃណីខ្មែរ ដូចម្តាយរក្សាកូន ដូចទឹករក្សាត្រី ដូចព្រៃរក្សាសត្វ។

ព្រះតេជគុណចៅអធិការវត្ត សយ ចាន់ថន សរិបុញ្ញោ មានសង្ឃដីកា រលឹកដល់ស្នាដៃដឹកនាំប្រទេសរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលទ្រង់បានដឹកនាំ ប្រទេសកម្ពុជា ឱ្យមានភាពសម្បូរបែប មានការរីកចម្រើនលើគ្រប់វិស័យ ជាប្រទេសអច្ឆរិយ និងជាអាណាចក្រពិតប្រាកដនាសម័យអង្គរ។ បានបង្ហាញនូវស្នាដៃចម្លាក់របស់ខ្មែរដែលបង្កប់ស្នាដៃដឹកនាំដ៏ជ្រាលជ្រៅ និងមានអត្ថន័យខាងទស្សនវិជ្ជា នៃការគ្រប់គ្រងដឹកនាំរបស់ទ្រង់។

ព្រះចៅអធិការវត្តអង្គនេះ មានសង្ឃដីកាបញ្ជាក់ថា វត្តអារាម និងព្រះពុទ្ធសាសនាខ្មែរ ប្រៀបបានសសរកន្លោងសម្រាប់សង្គម នឹងប្រពៃណីខ្មែរ។ មិនតែប៉ុណ្ណោះ វត្តអារាមមានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ ក្រោមពីអតីតកាលរហូតមកដូចតទៅ វត្តអារាម ជាគោលជំហរ និងជាគ្រឹះទ្រទ្រង់ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀនទម្លាប់ វប្បធម៌ អរិយធម៌ជាតិ ឱ្យបានគង់វង្សជាអមតៈ៕