(ព្រះសីហនុ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលទៅលេងកម្សាន្តនៅ «សង្ក្រាន្តសមុទ្រ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នេះ សូមឲ្យប្រុងប្រយ័ត្នចំពោះការទិញគ្រឿងសមុទ្រ ឬអាហារសមុទ្រស្រស់ៗ យកទៅចំអិនទទួលទាន ព្រោះអាចមានអាជីវករខ្លះ លួចដាក់សារធាតុគីមីហាមឃាត់ និងមានអាជីវករខ្លះលួចចាក់ចាហ៊ួយចូលទៅក្នុងគ្រឿងសមុទ្រទាំងនោះ ដើម្បីទុកលក់បានយូរ មើលឃើញស្រស់ និងមានទម្ងន់ធ្ងន់ជាដើម។

តាមការកត់សម្គាល់ឃើញថា នៅមុនពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបន្តចុះត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រស្រស់ៗ និងអាហារងៀតមួយចំនួនដោយបានរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ និងមានចាក់ចាហ៊ួយចូលទៅក្នុងបង្គាស្រស់ជាដើម។ ភាពមិនប្រក្រតីទាំងនេះ ត្រូវបានអាជីវករ ដាក់លក់នៅតាមផ្សារមួយចំនួន ជាពិសេសផ្សារលើ ស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីឲ្យគ្រឿងសមុទ្រទាំងនោះ មើលឃើញស្រស់ ទុកលក់បានយូរ ឬដើម្បីបន្លំភ្នែកជញ្ជីង អតិថិជនជាដើម។

ផ្តើមពីបញ្ហានេះក្នុងឱកាស «សង្ក្រាន្តសមុទ្រ» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញគ្រៀងសមុទ្រគ្រប់ប្រភេទ ជាពិសេសគ្រឿងសមុទ្រស្រស់រួមមាន៖ បង្គា ក្តាម មឹក និង ត្រី សាច់ផ្សេងៗ ត្រូវពិនិត្យឲ្យបានត្រឹមត្រូវ ព្រោះនៅរដូវបុណ្យជាតិធំៗចូលមកដល់ម្តងៗ តែងមានអាជីវករមួយចំនួន បានឆ្លៀតឱកាសលួចនាំចូលគ្រឿងសមុទ្រស្រស់ ឬអ្នកលក់ខ្លះ បានលួចដាក់សារធាតុគីមី និង ចាក់ចាហ៊ួយចូលទៅក្នុងគ្រឿងសមុទ្រស្រស់ទាំងនោះ ដើម្បីស្តុកទុកលក់បានយូរថ្ងៃ ឬឲ្យមើលឃើញស្រស់ជានិច្ច និងមានអាជីវករខ្លះទៀត បានចាក់ចាហ៊ួយចូលទៅក្នុងគ្រឿងសមុទ្រស្រស់ទាំងនោះថែមទៀតផង។

ជាក់ស្តែងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងគណៈកម្មការផ្សារលើក្រុងព្រះសីហនុ បានចុះ ត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងផ្សារលើ និងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុង-ខេត្តព្រះសីហនុ។ យុទ្ធនាការចុះត្រួតពិនិត្យគុណភាពចំណីអាហារខាងលើនេះ មន្ត្រីកាំកុងត្រូល បានវិភាគបឋម រកសារធាតុ គីមីហាមឃាត់ទៅលើផលិតផលម្ហូបអាហារមួយចំនួនមានដូចជា៖ មឹក បង្គា ត្រីប្រឡាក់ សាច់ក្រក បបែលងៀត ងៀតមឹក ជ្រក់ស្ពៃ និងសណ្តែកបណ្តុះជាដើម ដែលអាជីវករដាក់លក់នៅលើផ្សារទាំងពីរ។

មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បញ្ជាក់ថា ជាលទ្ធផល បានរកឃើញ បង្គា មានចាក់បញ្ចូលសារធាតុស្រដៀង ចាហ៊ួយ មានចំនួន ៥គីឡូក្រាម ដែលអាជីវករផ្សារលើដាក់លក់ជូនប្រជាពលរដ្ឋ ឬអតិថិជន។

មន្ត្រីដដែលបន្តថា ក្រោយពិនិត្យឃើញបង្គាទាំង ៥គីឡូនោះ មន្ត្រីជំនាញ ក៏បានធ្វើកំណត់ហេតុដកហូតពីអាជីវករទាំងនោះ ដើម្បីយកទៅដុតកម្ទេចចោលតាមនីតិវិធី និងបានតម្រូវឲ្យអាជីវករទាំងនោះ ធ្វើកិច្ចសន្យាបញ្ឈប់លក់ម្អូបអាហារមិនប្រក្រតីទាំងនេះជាបន្តទៀត។ ជាមួយគ្នានេះមន្ត្រីកាំកុងត្រូល ក៏បានព្រមានថា បើអាជីវករទាំងនោះ មិនព្រមអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញទេ នៅថ្ងៃខាងមុខ ប្រសិនបើរកឃើញអាហារ ឬបន្លែត្រីសាច់ផ្សេងៗ ដែលអាជីវកររូបនោះ បន្តដាក់លក់មានសារធាតុគីមី ឬមានចាក់ចាហ៊ួយ ចូលទៅក្នុងគ្រឿងសមុទ្រទាំងនោះទៀត នឹងមានវិធានការផ្លូវច្បាប់។

បន្ថែមលើនេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានបន្តចុះណែនាំដល់អាជីវករនៅតាមតូបលក់ដូរ នៅផ្សារលើ និងផ្សាពាណិជ្ជកម្មឲ្យបានយល់ដឹងពីច្បាប់ចំណីអាហារ និងត្រូវចូលរួមអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ហើយអាចប្រឈមចំពោះមុខច្បាប់ធ្ងន់ធ្ងរថែមទៀតផង។

ទាក់ទិនបញ្ហានេះ សម្រាប់អាជីវករលក់ដូរទំនិញ និងសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងផ្សារលើ បានឲ្យដឹងដែរថា ផ្សារនេះពិតជាមានអាជីវករខ្លះ បានដាក់លក់គ្រឿងសមុទ្រស្រស់លួចដាក់សារធាតុគីមី ដើម្បីឲ្យគ្រឿងសមុទ្រទាំងនោះ ស្តុកទុកលក់បានយូរថ្ងៃ និងមើលឃើញស្រស់ជានិច្ច។ ក្នុងនោះ ក៏ឃើញមានអាជីវករខ្លះទៀត បានចាក់ចាហ៊ួយចូលទៅក្នុងបង្គាស្រស់ជាដើម ដើម្បីឲ្យមានទម្ងន់ធ្ងរ ឬទុកលក់បានយូរ ដើម្បីបន្លំភ្នែកជញ្ជីងអតិថិជន។

ជាងនេះទៀត នៅពេលអាជីវករដែលមានគំនិតមិនល្អទាំងនោះ បានឃើញវត្តមានមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ចុះមកពិនិត្យគុណភាពចំណីអាហារក្នុងផ្សារលើម្តងៗ គឺក្រុមអាជីវករខិលខូចមួយចំនួនតែងបាននាំយកគ្រឿងសមុទ្រស្រស់ ដែលមានភាពមិនប្រក្រតីទាំងនោះ យកទៅទុកនៅទីតាំងផ្សេង ឬជម្លៀសចេញយ៉ាងប្រញាប់ ទៅទុកនៅទីតាំងផ្សេងគេចពីមន្ត្រីជំនាញ បន្ទាប់មកក៏នាំចេញមកមកលក់នៅលើទីផ្សារដដែល ពេលមន្ត្រីជំនាញចាកចេញផុត។

ដោយឡែកស្ត្រីមេផ្ទះមួយចំនួនរស់នៅក្រុងព្រះសីហនុ ក៏បានទទួលស្គាល់ថា គ្រឿងសមុទ្រស្រស់ៗ និងអាហារវេចខ្ចប់ ដែលអាជីវករមួយចំនួនដាក់នៅលើផ្សារនានាក្នុងមូលដ្ឋាននេះ គឺមួយផ្នែកពិតជាមានអាជីវករខ្លះ បានលួចដាក់លាយសារធាតុគីមីហាមឃាត់ ដើម្បីស្តុកទុកលក់បានយូរថ្ងៃ និងឲ្យមើលឃើញស្រស់ពិតប្រាកដមែន។

ក្នុងនោះចំពោះករណីបង្គាស្រស់ មានចាក់ចាហ៊ួយចូលទៅក្នុងខ្លួនបង្គា ឬក្បាលបង្គា ដើម្បីដាក់លក់មើលឃើញស្រស់ និងឲ្យមានទម្ងន់ធ្ងន់ជាដើមនោះ តាមការត់សម្គាល់ តែងសង្កេតឃើញសកម្មភាពរបស់មន្ត្រីកាំកុងត្រូល បានចុះពិនិត្យឃើញមានច្រើនតូប ត្រូវបានអាជីវករដាក់លក់នៅលើទីផ្សារមួយចំនួននាក្រុងព្រះសីហនុ។

បញ្ហានេះ ស្ត្រីមេផ្ទះរស់នៅក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមកពីទីជិតឆ្ងាយ ដែលចូលមកទស្សនាសង្ក្រាន្តសមុទ្រនាខេត្តព្រះសីហនុ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឬថ្ងៃឈប់សម្រាកចុងសប្តាហ៍ និង ពិធីបុណ្យជាតិផ្សេងៗ ត្រូវប្រុងប្រយ័ត្នក្នុងការជ្រើសយកអាហាសមុទ្រស្រស់ ដើម្បីយកទៅទទួលទាន ព្រោះនៅតាមទីផ្សារមួយចំនួន នៅមានអាជីវករមានគំនិតមិនល្អខ្លះ បានបន្តដាក់លក់គ្រឿងសមុទ្រស្រស់ មានលួចដាក់លាយសារធាតុគីមីទុកលក់បានយូរថ្ងៃ និងមើលឃើញស្រស់បានបន្តកើតមានរហូតមកដល់ពេលនេះ។

ជាងនេះ ក៏មានអាជីវករខ្លះ ក៏នៅបន្តលួចចាក់ចាហ៊ួយចូលទៅក្នុងគ្រឿងសមុទ្រស្រស់ មានចាក់ចូលទៅក្នុងបង្គាស្រស់ជាដើម ដើម្បីឲ្យមានទម្ងន់ធ្ងន់ និងមើលឃើញស្រស់ជាដើម។

ដើម្បីចៀសផុតពីការគ្រឿងសមុទត្រមានសារធាតុគីមីសូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ មុននឹងសម្រេចចិត្តទិញគ្រឿងសមុទ្រស្រស់ និងអាហារសមុទ្រ ដែលដាក់លក់នៅលើទីផ្សារនានា ក្នុងក្រុងព្រះសីហនុ ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ជាមុន ដើម្បីឲ្យប្រាកដថា អាហារស្រស់ទាំងនោះ ពិតជាមានសុវត្ថិភាព និងគ្មានសារធាតុគីមីហាមឃាត់នាំឲ្យប៉ះពាល់ដល់សុខភាព៕