(ស្វាយរៀង)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងលោកឧត្តមសេនីយ៍ត្រីសែ វុទ្ធី បានដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថ ត្រូវត្រៀមទាំងសម្ភារ និងមធ្យោបាយ ដើម្បីចេញប្រតិបត្តិការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ។

លើសពីនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានណែនាំឲ្យបែងចែកវេនប្រចាំការប្រចាំបញ្ជា ដើម្បីត្រៀមទាំងមធ្យោបាយ ទាំងកងកម្លាំងអន្ដរាគមន៍ ដើម្បីចូលរួមរៀបចំសណ្ដាប់ធ្នាប់នៅទីកន្លែងកម្សាន្ដនានា ក្នុងភូមិសាស្ដ្រខេត្តស្វាយរៀងជាពិសេសក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀង ក្នុងន័យសម្រួលដល់ការធ្វើដំណើរ និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានដើរលេងកម្សាន្តផងដែរ។

ការថ្លែងណែនាំ និងក្រើនរំលឹករបស់លោកឧត្តមសេនីយ៍ត្រីសែ វុទ្ធី បែបនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ, ផ្សព្វផ្សាយបទបញ្ជា ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញានិងបរិក្ខារួមផ្សំរបស់កងរាជអាវុធហត្ថ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានលើកឡើងពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងថ្លែងអំណរគុណដល់សម្ដេច ដែលបានបើកប្រាក់បៀវត្សន៍ដល់មន្ដ្រីរាជការមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបានឧបត្ថម្ភប្រាក់លើកទឹកចិត្ដបន្ថែម ព្រមទាំងតម្លើងប្រាក់បៀវត្សន៍ជាបន្ដបន្ទាប់។

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ក៏បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានឧបត្ថម្ភថវិកាបន្ថែម និងស្រាបៀ ដល់កងរាជអាវុធហត្ថ សម្រាប់ជប់លៀងក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះផងដែរ។

សូមបញ្ជាក់ថានៅក្នុង ពិធីនេះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ក៏បានធ្វើការសួរសុខទុក្ខ និងចែកអំណោយដល់យោធិនសោធននិវត្តន៍ និងផ្តល់ថវិការដល់កងរាជអាវុធហត្ថនៅទូទាំងស្រុកក្រុងទាំង៨នូវថវិការម្នាក់ៗចំនួន៥មុឺនរៀល៕ ដោយឡែកសម្រាប់ការឧបត្ថម្ភដល់ទីបញ្ជាការកងរាជអាវុធហត្ថស្រុក ក្រុងក្នុងការជប់លៀងចូលឆ្នាំថ្មីទទួលបានថវិការចំនួន៦០មុឺនរៀលនិងស្រាបៀ១៥កេះក្នុងមួយស្រុក ក្រុងផងដែរ៕