(ភ្នំពេញ)៖ ការងារមនុស្សធម៌ត្រូវបានយកចិត្តទុកដាក់ពីម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ វណ្ណេត សុវណ្ណភូមិ CTLV ដោយក្នុងនោះមានកុមារកំព្រាជាង ២០០នាក់ គ្រួសារកុមារកំព្រាឈូករ័ត្ន រស់នៅភូមិគោគខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានសម្ភារសិក្សា រួមនឹងអំណោយមួយចំនួន ដើម្បីជាការផ្តត់ផ្គង់ក្នុងការសិក្សារបស់ប្អូនៗទាំងអស់នោះ។

ពិធីប្រគល់សម្ភារសិក្សា និងអំណោយមួយចំនួន ដែលបានប្រព្រឹត្តនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ និងរៀបចំដោយម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ វណ្ណេត សុវណ្ណភូមិ CTLV មានការចូលរួមពី លោក យុត្ថារា ឆានី ដែលជាអតីតតារាសម្តែងល្បីឈ្មោះម្នាក់នៅក្នុងវិធីសិល្បៈ រួមនឹងថ្នាក់ដឹកនាំ បុគ្គលិកនៃក្រុមហ៊ុន CTLV ។ ជាមួយគ្នានោះដែរ ក្រុមការងារទាំងអស់រួមនឹងកុមារប្រមាណជាង២០០នាក់ ក៏បានទទួលទានអាហារសាមគ្គីរួមគ្នា ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលចំពោះពួកគាត់។

នាឱកាសនោះ លោក សាន វណ្ណេត ប្រធានប្រតិបត្តិគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV បានឲ្យដឹងថា ពិធីចែកជាសម្ភារសិក្សា និងអំណោយមួយចំនួននេះ ធ្វើឡើងដើម្បីជួយដល់សម្រាលទុក្ខលំបាកមួយកម្រិតសម្រាប់ប្អូនៗជាក្មេងកំព្រាដែលរស់នៅក្នុងគ្រួសារកុមារកំព្រាឈូករ័ត្ន ភូមិគោគខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយទាំងអស់នេះហើយក៏បានជម្រុញឲ្យពួកគាត់កាន់តែមានការខិតខំប្រឹងប្រែងរៀនសូត្រមន្ថែមទៀតផងដែរ។

លោកបន្ថែមថា នេះជាលើកទី៩មកហើយ ដែលម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ វណ្ណេត សុវណ្ណភូមិ CTLV ដែលមានលោក យុត្ថារា ឆានី ជាតំណាងក្រុមហ៊ុន ក៏បានចូលរួមការងារមនុស្សធម៌បែបនេះជាច្រើនលើកមកហើយ ដោយក្នុងនោះក៏បានយកប្រាក់ចំណេញរបស់ក្រុមហ៊ុនមួយចំនួន ទៅជួយដល់កុមារកំព្រា និងក្រីក្រមួយជាច្រើននាក់ ដែលរស់នៅតាមទីតំបន់ដាច់ស្រយ៉ាលមួយចំនួនផ្សេងទៀត។

លោកបព្ជាក់បន្ថែមទៀតថា ការងារមនុស្សធម៌នេះត្រូវបានធ្វើឡើងរយៈពេល៣ឆ្នាំមកហើយ ដោយក្នុងនោះ១ឆ្នាំ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ វណ្ណេត សុវណ្ណភូមិ CTLV ប្រាព្ធឡើងចំនួន៣ដង។

យើងដឹងហើយថា ការងារមនុស្សធម៌ត្រូវបានយកចិត្តទុកដាក់បំផុតពីបណ្តារាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលជួបប្រទះនាពេលសព្វថ្ងៃនេះ និងជាពិសេសបានធ្វើឲ្យកុមារបានទទួលយកក្តីស្រឡាញ់ពីសប្បុរសជន ដែលបានធ្វើការងារមនុស្សធម៌នេះផងដែរ៕