(ភ្នំពេញ)៖ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដ៏ប្រពៃថ្លៃថ្លាឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរទំាងប្រុស- ស្រី ក្មេង-ចាស់ មានសេចក្ដីអំណរសាទរយ៉ាងក្រៃលែងក្នុងការទទួល ទេវតាឆ្នាំថ្មី ឆ្នាំកុរ ព្រះនាង ទុង្សាទេវី ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩។ ស្ថិតក្នុងទំនៀមពិធីបុណ្យចូលឆ្នាំថ្មី ដ៏ប្រពៃថ្លៃថ្លានេះដែរ ក៏មានមតិជាច្រើនបានចោទជាចម្ងល់នៅក្នុងទេវកថា គឺបន្ទាប់ពីកបិលមហាព្រហ្ម បានចាញ់ធម្មបាលកុមារ ស្ដីពីសិរីសួស្ដីទំាងបីប្រការពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ហើយត្រូវកាត់ក្បាលដោយទុកបណ្ដាំថា «ចូលបុត្រី យកក្បាលបិតាដាក់លើពានរួចតម្កល់លើភ្នំព្រះសុមេរុ ពីព្រោះបើបោះក្បាលបិតាលើដី ឆេះដី បើបោះទៅលើអាកាស ឆេះអាកាស និងបើបោះក្នុងសមុទ្រ រីងស្ងួតហួតអស់» ។ តើបណ្ដំាកបិលមហាព្រហ្ម ឆេះដី ទឹក ខ្យល់ មានន័យយ៉ាងណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដ៏ថ្កុំថ្កើងរបស់ជាតិយើង ដែលទាក់ទងនិងទេវកថាបណ្ដំាកបិលមហាព្រហ្ម ដល់បុត្រីដោយហាមបោះក្បាលបិតាលើដី លើអាកាស និងក្នុងទឹកសមុទ្រ បណ្ដាឲ្យឆេះឋាននីមួយៗនោះ គឺបណ្ដំានេះបានបង្កប់នូវទស្សនវិជ្ជាដ៏ជ្រោលជ្រៅ និងមានគុណតម្លៃបំផុតរបស់បុព្វបុរសខ្មែរយើង។ ដោយហេតុថាបើនិយាយពីការបូជាសពគឺមានដោយដី បោះលើដី, ដោយអាកាស(ខ្យល់) បោះលើអាកាសដាក់លើដើមឈើ និងដោយទឹកបោះក្នុងទឹកនេះឯង។

បើដូច្នេះចំពោះការបូជាសពទំាងបីនេះបើកុលបុត្រ កុលធីតា យកសពមាតាបិតា ទៅបោះចោលលើដីក្ដី លើអាកាសក្ដី និងក្នុងទឹកក្ដី ប្រៀបដូចជាសត្វធាតុ ដោយពុំមានការគោរពទេនោះ បើទោះជានៅឋានណាក៏ដោយគឺឆេះដូចតែគ្នាហ្នឹងឯង។ ពីព្រោះទង្វើទំាងនេះ គឺជាការបង្ហាញពីការពុំគោរពដឹងគុណឪពុកម្ដាយ ជីដូនជីតា និងបុព្វការីជនខ្លួន។ មានន័យថា ទង្វើរបៀបនេះគឺបង្ហាញពីពូជសាសន៍ពុំមានអារ្យធម៌ខ្ពស់ខ្ពស់។

បើហេតុនេះបើកុលបុត្រកុលធីតា បោះចោលក្បាលឪពុកម្ដាយ ជីដូនជីតា និងបុព្វការីជនខ្លួន បើទោះលើដីក្ដី លើអាកាសក្ដី និងក្នុងទឹកសមុទ្រក្ដី គឺឆេះទំាងអស់។ ដោយហេតុថាបើយើងមិនគោរពអ្នកមានគុណរបស់យើងទេ គឺច្បាស់ជាធ្វើឲ្យប្រជាជាតិខ្មែរយើងត្រូវឆាបឆេះរលាយរលត់ផុតពីឋានលោកនេះឯង។

លោក រត្ន័ សណ្ដាប់ បន្ដថា បើដូច្នេះចំពោះបណ្ដំាកបិលមហាព្រហ្ម ដល់បុត្រីទំាង៧ដែលថា ចូលបុត្រី ត្រូវយកក្បាលបិតាដាក់លើពានរួចយកទៅតម្កល់លើភ្នំព្រះសុមេរុ ជាឋានសួគ៌ រួចបូជានូវគ្រឿងសក្ការៈផ្សេងៗដោយគោរពទៅតាមគន្លងប្រពៃណីចូលឆ្នាំថ្មី ដ៏ប្រពៃថ្លៃថ្លានេះ គឺជាទស្សនវិជ្ជាប្រាប់ដល់កុលបុត្រកុលធីតាខ្មែរគ្រប់ៗរូប ត្រូវចេះគោរពមាតាបិតា ជីដូនជីតា និងបុព្វការីជនខ្លួនឲ្យបានខ្ជាប់ខ្ជួនបំផុត ឲ្យដូចជាបុត្រីកបិលមហាព្រហ្មទើបមានសិរីសួស្ដីដល់ពូជពង្សវង់ត្រកូល ជាតិ មាតុភូមិនៃយើង។

បើដូចនេះចំពោះបណ្ដំាកបិលមហាព្រហ្ម នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះគឺពិតជាមានគុណតម្លៃដ៏ថ្លៃថ្លាណាស់ សម្រាប់សង្គមជាតិយើង ដោយក្នុងនោះគឺ៖ ទីមួយ៖ ឲ្យខ្មែរយើងត្រូវគោរពពាក្យ «សច្ចៈ» ហៅថាពាក្យ «ពិត» ឲ្យដូចជាកបិលមហាព្រហ្ម ដែលជាពាក្យរបស់ពពួកទេវ ឬទេវតាគេចូលចិត្ដ។ និងទី២៖ ឲ្យកុលបុត្រកុលធីតា ត្រូវថែរក្សាក្បាលបុព្វការីជនដើម្បីទុកជាព្រលឹងវង្សត្រកូល ព្រលឹងជាតិ ឲ្យបានប្រពៃបំផុតឲ្យដូចជាបុត្រីទំាង៧ របស់កបិលមហាព្រហ្ម យ៉ាងដូច្នេះដែរ ។ ដោយមិនត្រូវយកក្បាល ជាសពឪពុកម្ដាយ ជីដូនជីតា បុព្វការីជន ដែលជាព្រលឹងជាតិទៅបោះចោលពាសវាលពាសកាល បើទោះជាលើដីក្ដី លើអាកាសក្ដី និងក្នុងទឹកសមុទ្រក្ដី ដែលសុទ្ធតែជាទីឋានឆេះអន្ដររាយដល់ជាតិ។

បើដូច្នេះចូលកុលបុត្រកុលធីតា ខេមរៈជនខ្មែរប្រុស-ស្រីត្រូវគោរពមាតាបិតា ជីដូនជីតា និងបុព្វការីជនខ្លួនទុកដូចជាក្បាលកបិមហាព្រហ្ម ឲ្យដូចបុត្រីកបិមហាព្រហ្ម ដើម្បីនំាមកនូវសិរីសួស្ដីដល់ជាតិ មាតុភូមិដ៏ស្រស់បវរនៃយើង ឲ្យសាកសមជាពូជខ្មែរអង្គរដែលមានអារ្យធម៌ដ៏រុងរឿងលើលោក៕