(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីតភ្ជាប់ស្ពានមិត្តភាព កម្ពុជា-ថៃ (ស្ទឹងបត់-បាណងអៀង) និងពិធីសំខាន់ៗមួយចំនួនទៀត នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ នៅចំណុចព្រំដែនស្ទឹងបត់-បាណងអៀង ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់។

បើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពទីតាំងរៀបចំកម្មវិធីខាងលើ ដើម្បីត្រៀមលក្ខណៈឱ្យបានស្រេចមុនព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះមកដល់។

ក្រសួងសាធារណការបានបន្តថា «រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា-ថៃ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ នឹងរៀបចំកម្មវិធីក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ ដែលមានរបៀបវារៈសំខាន់ៗមួយចំនួន»

របៀបវារៈទាំងនោះរួមមាន៖

១៖ ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។

២៖ ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥។

៣៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា លើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាលថៃ ជូនរាជរដ្ឋាភិបាលកម្ពុជា។

៤៖ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងជិះរថភ្លេីងរួមគ្នាពីស្ថានីយបានខ្លងលឹក មកស្ថានីយរថភ្លើងប៉ោយប៉ែត៕

 

 

Advertising