(ព្រះវិហារ)៖ នៅឆ្នាំ២០១៩នេះ គឺជាឆ្នាំទីពីរហើយ ដែលខេត្តព្រះវិហាររៀបចំឱ្យមានសង្ក្រាន្តនៅប្រាសាទកោះកែរ។ សង្ក្រាន្តឆ្នាំទី២ ទទួលបានអ្នកចូលរួមរហូតដល់ទៅជាង ១៣ម៉ឺននាក់កើនជាង ១៥៧ភាគរយ បើធៀបឆ្នាំ២០១៨ ដែលជាឆ្នាំដំបូងនៃការការរៀបចំសង្ក្រាន្ត។

បើតាមការឲ្យដឹងពីលោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានអះអាងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ទទួលបាមភ្ញៀវទេសចរសរុប ១៣៥,៩៥៣នាក់ កើនឡើង១៥៧.៥៥% បើធៀបនឹងឆ្នាំ២០១៨។

ព្រឹត្តិការណ៍ព្រះវិហារសង្ក្រាន្តកោះកែរឆ្នាំនេះ ត្រូវបានរៀបចំស្របពេលដែលសភាពការណ៍ទូទៅរបស់ប្រទេសកម្ពុជា កំពុងមានសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។ ពិសេសរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើកំណែទំរង់ស៊ីជម្រៅលើគ្រប់វិស័យ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឆ្លើយតបនឹងតម្រូវកាជាក់ស្តែង នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ម្យាងទៀតព្រឹត្តិការណ៍នេះ បានគាស់រំលើងឡើងវិញនូវវប្បធម៌ទំនៀមទម្លាប់ ដែលជាល្បែងប្រជាប្រិយគ្រប់ប្រភេទដូចជា៖ បោះអង្គុញ ចោលឈូង ទាញព្រ័ត លាក់កន្សែង ដណ្តើមស្លឹកឈើ លោតបាវបូមទឹកដាក់ដប ដើម្បីឲ្យយុវជន យុវនារីជំនាន់ក្រោយបានស្គាល់ និងបានចូលរួមលេងកម្សាន្ត។ តាមរយៈសង្ក្រាន្តរយៈពេល៣ថ្ងៃនេះ ក៏បានបង្ហាញពីមិត្តភាព សាមគ្គីភាពការស្រលាញ់រាប់អានគ្នា ផ្តល់ស្នាមញញឹមឲ្យគ្នាទៅវិញទៅមក ក្នុងមោទកភាពនៃម្លប់សន្តិភាពរបស់មហាគ្រួសារខ្មែរតែមួយ។

សូមបញ្ជាក់ថា ព្រះវិហារសង្ក្រាន្តកោះកែរ ដែលបានបើកដំណើរការក្នុងឆ្នាំនេះ មានការអញ្ជើញចូលរួមបើកក្រុងពាលី ទទួលទេវតាឆ្នាំថ្មីពីសំណាក់លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហាររួម លោក គង់ សេដារ៉ា ប្រធានអាជ្ញាធរជាតិប្រាសាទព្រះវិហារ។ នៅថ្ងៃបញ្ចប់នេះ លោក អ៊ុន ចាន់ដា បានអញ្ជើញចូលរួមលេងល្បែងប្រជាប្រិយផ្សេងៗ ជាមួយប្រជាពលរដ្ឋប្រកបដោយភាពស្និទ្ធស្នាលផងដែរ៕