(ពោធិ៍សាត់)៖ បើតាមលោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នេះថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ភ្ញៀវទេសចរជាតិ-អន្តរជាតិជិត ៥ម៉ឺននាក់ បានទៅទស្សនាកម្សាន្តនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្ត និងតាមរមណីយដ្ឋាននានានៅក្នុងពោធិ៍សាត់។

លោក សំ ឃីម បានថ្លែងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី មានចំនួនភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍សរុប «៤៩,៥៣៧នាក់» ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣៦នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា គឺមានការថយចុះ ៥៤.៣៦% (ឆ្នាំ២០១៨ មានចំនួន ១០៨,៥៤១នាក់)។

ប្រធានមន្ទីរទេសចរណ៍រូបនេះបានបន្តថា ចំពោះបញ្ហាអនាម័យ សំរាម បរិស្ថានវិញ ប្រជាពលរដ្ឋមួយចំនួន នៅតែមិនទាន់យល់ដឹងអំពីការទុកដាក់កាកសំណល់ និងសំរាមរបស់ខ្លួននៅឡើយ ពោលគឺពួកគេនៅតែចោលសំរាមពាសវាលពាសកាល។

ចំណែកឯរដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានឱ្យដឹងដែរថា ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក៏មានភាពល្អប្រសើរគ្រប់រមណីយដ្ឋានផងដែរ៕