(ភ្នំពេញ)៖ កម្ពុជា-ថៃ នឹងចុះហត្ថលេខារួមគ្នា លើការពង្រឹង និងគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០១៩ នាទីក្រុងបាងកក ប្រទេសថៃ។ ការចុះហត្ដលេខារវាងកម្ពុជា-ថៃ នាពេលខាងមុខនេះ នឹងមានការចូលរួមពីតំណាងភាគិកម្ពុជាពីក្រសួងចំនួន៥ បន្ថែមទៀត រួមមាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសុខាភិបាល និងក្រសួងការបរទេស និងប្រតិបត្តិការអន្តរជាតិ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន ដែលជាតំណាងរប ស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក ញ៉ឹក វណ្ណារ៉ា បា នលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង របៀបវារៈលើកទី២ ការត្រៀមប្រជុំពិនិត្យ និងចុះហត្ថលេខាលើនីតិវិធីប្រតិបត្តិបទដ្ឋាន ស្តីពីការគ្រប់គ្រងករណីសេចក្តីព្រាងផែនការសកម្មភាពនៃនីតិវិធីប្រតិបត្តិបទដ្ឋាន ស្តិពីការគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជ នរងគ្រោះ ដោយអំពើជួញដូរមនុស្សរវាងកម្ពុជា- ថៃ នៅថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០១៩ នាទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះ រៀបចំធ្វើនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ កាំប៉ូឌីយ៉ាណា រាជធានីភ្នំពេញ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា គោលបំណងនៃការបង្កើតនីតិវិធីប្រតិបត្តិបទដ្ឋាន ស្តីពីការគ្រប់គ្រងករណីសេចក្តីព្រាងផែនការសកម្មភាពនៃនីតិវិធីប្រតិបត្តិបទដ្ឋាន ស្តិពីការគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជ នរងគ្រោះ ដោយអំពើជួញដូរមនុស្សរវាងកម្ពុជា- ថៃ គឺដើម្បី បង្កើតគោលការណ៍ណែនាំរួម ស្តីពីការធ្វើមាតុ ភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងពង្រឹងបទដ្ឋានប្រតិបត្តិអនុលោមទៅតាមការអនុវត្តជាលក្ខណៈ អន្តរជាតិ, កំណត់តូនាទី និងការទទួលខុសត្រូវ នៃអាជ្ញាធរពាក់ព័ន្ធនៃរដ្ឋភាគីទាំង២ នៅក្នុងដំណើរការមាតុភូមិនិវត្តន៍ និងសមាហរណកម្ម, ប្រើប្រាស់ជាឯកសារយោងពាក់ព័ន្ធនិងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម និងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។

លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមថា រដ្ឋភាគីត្រូវ ផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ដើម្បីធានានូវ ការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម ជាប្រព័ន្ធប្រកបទៅដោយសុវត្ថិភាព និងនិរន្តរភាព ក្រោមវិសាលភាព នៃកិច្ចសហប្រតិបត្តិការរួមមាន៖

១៖ ការផ្លាស់ប្តូរព័ត៌មានពីជនរងគ្រោះ ដោយអំពើជួញដូរ មនុស្ស ក្នុងគោលបំណងធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម

២៖ ការសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម

៣៖ ការសម្របសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស

៤៖ ការតាមដានត្រួតពិនិត្យ និងការប៉ាន់ប្រមាណលទ្ធផល នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម

គួរបញ្ជាក់ថា វិស័យសង្គមកិច្ច មានច្បាប់គោលនយោបាយ បទដ្ឋានគតិយុទ្ធជាច្រើនសម្រាប់ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ដូចជា ច្បាប់ស្តីពីការស្មុំកូនអន្តរប្រទេស ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីការថែទាំជំនួស ចំពោះកុមារ និងបទដ្ឋានការថែទាំ ជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទ ដែលស្នាក់នៅមណ្ឌល និងមានឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ៕