(ភ្នំពេញ)៖ រាជធានីភ្នំពេញ គឺជាគោលដៅទេសចរណ៍មួយ ដ៏ទាក់ទាញក្នុងចំណោមគោលដៅទេសចរណ៍ ទាំង២៥ខេត្ត-ក្រុង នៅទូទាំងប្រទេស ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល៣ថ្ងៃ កន្លងមកនេះ ដែលមានប្រជាពលរដ្ឋដើរលេងកំសាន្ត ដោយក្តីសោមនស្សរីករាយ តាមរមណីយដ្ឋាននានា ពិសេសរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជាសង្គ្រាន្តវត្តភ្នំ សំរាប់ឲ្យប្រជាពលរដ្ឋ ដែលមិនបានធ្វើដំណើរទៅស្រុកកំណើត មានឱកាសបានកំសាន្តសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅសង្គ្រាន្តវត្តភ្នំ មានប្រមាណ១២ម៉ឺននាក់។

ប្រជាពលរដ្ឋ បានទស្សនាស្តង់ពិពណ៌បែបបុរាណ រួមទាំងផលិតផលសិប្បកម្ម ដែលផលិតដោយដៃ និងបង្ហាញពីទំរង់វប្បធម៌ និងប្រពៃណីខ្មែរជាច្រើនទៀត។ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមលេងកំសាន្ត នូវល្បែងប្រជាប្រិយដូចជា៖ ទាញព្រាត់, ចោលឈូង, លោតបាវ, វាយក្អម, បោះអង្គុញ, លាក់កន្សែង និងរាំលេងជាដើម ប្រកបដោយក្តីសោមនស្សរីករាយ និងប្រកបដោយមោទនៈភាព ក្នុងសុខសន្តិភាពដ៏ពេញលេញពាសពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃចូលឆ្នាំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ បានល្អប្រសើរ ក្នុងរាជធានីភ្នំពេញ ដែលជាការផ្តល់ឱកាស ដ៏រីករាយជូនប្រជាពលរដ្ឋសប្បាយ ដោយមិនមានក្តីបារម្ភ ទាំងនៅតាមរមណីដ្ឋាន, តាមវត្តអារាម, និងតាមទីសាធារណៈនានា។

តាមការកត់សំគាល់ របស់ក្រសួងទេសចរណ៍ ស្ថិតិភ្ញៀវទេសចរចូលមកលេងកំសាន្ត ក្នុងរាជធានីភ្នំពេញទាំងមូល គឺមានជាង២០ម៉ឺននាក់ ដែលនេះ បានបង្ហាញឲ្យឃើញពីទំនុកចិត្ត និងមោទនៈភាព របស់ប្រជាពលរដ្ឋទៅលើដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញ យ៉ាងឆាប់រហ័ស ក្រោមម្លប់នៃសុខសន្តិភាព ស្ថេរភាពនយោបាយនាពេលបច្ចុប្បន្ន។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ឆ្នាំ២០១៩ បានប្រព្រឹត្តទៅស្របពេល ដែលរាជរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សំរាប់ និតិកាលទី៦ នៃរដ្ឋសភា និងនៅក្នុងបរិការណ៍ ដែលរាជរដ្ឋាភិបាល បន្តទទួលបាននូវទំនុកចិត្តដ៏ច្រើនលើសលប់ ចេញពីឆន្ទះរបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ក្នុងការដឹកនាំប្រទេសជាតិ សំរាប់រយៈពេល៥ឆ្នាំបន្តទៀត ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ជាងពេលណាៗទាំងអស់ ក្នុងការបំរើប្រជាជនទ្វេដង ក៏ដូចជាក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តការកែទំរង់កាន់តែស៊ីជំរៅ និងទូលំទូលាយ ក្នុងគ្រប់វិស័យឆ្ពោះទៅរកអនាគតមួយដ៏រុងរឿងស្របតាមឆន្ទះ និងបំណងប្រាថ្នាដ៏ពិសិទ្ធរបស់ប្រជាជន ទូទាំងព្រះរាជាណាចក្រកម្ពុជា៕