(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៖១០នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F16) មូលហេតុបណ្តាលមកពីមានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុន CFOCN ខួងប៉ះកាបបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវត្រឡោកបែក ផ្លូវ៥៩២ ផ្លូវ៣១៣ ផ្លូវ៣៣៧ និងផ្លូវ៣១៥ សង្កាត់បឹងកក់២ (២)ផ្លូវ៣១៧ និងផ្លូវ៣៣៩ សង្កាត់បឹងកក់ ខណ្ឌទួលគោក (៣)ផ្លូវឧកញ៉ាម៉ុង ឫទ្ធី និងផ្លូវភ្នំពេញថ្មី ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 អគ្គិសនីកម្ពុជាបានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេស កំពុងធ្វើការពិនិត្យ និងជួសជុល ដើម្បីអាចភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង១១៖៣០នាទីយប់។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕