(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា កំពុងទទួលផលពីកត្តាសុខសន្តិភាព ជាក់ស្ដែងផ្លូវថ្នល់កាន់តែល្អ និងខ្វាត់ខ្វែងពីមួយឆ្នាំទៅមួយឆ្នាំ អគ្គិសនី និងទឹកស្អាត ត្រូវបានតភ្ជាប់ និងពង្រាយទៅកាន់ភូមិដ្ឋានពលរដ្ឋជាបន្ទាប់ ហើយពិសេសជាងគេបំផុតនោះ គឺការប្រឹងប្រែងបណ្ដុះបណ្ដាលធនធានមនុស្ស។

ការលើកឡើងរបស់សម្ដេច ស ខេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ ក្នុង ឱកាសអញ្ជើជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តសម្លាញ ស្ថិតក្នុងភូមិព្រៃសម្លាញ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា តាមរយៈសន្ដិភាពនេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ នៅក្នុងឱកាសឆ្នាំថ្មី ដែលកន្លងផុតទៅថ្មីៗនេះ ដោយសម្ដេចថា បើប្រទេសជាតិកំពុងផុងខ្លួនក្នុងសង្គ្រាម និងភាពអសន្តិសុខ ម្ល៉េះសមគ្មានកម្មវិធីសង្ក្រាន្ត គ្មានចូលឆ្នាំថ្មី និងគ្មានពលរដ្ឋដើរលេងកម្សាន្ដ រហូតដល់ជាង៥លាននាក់នោះទេ។

សម្ដេចក្រឡាហោមបានសម្ដែងក្តីរំភើប បន្ទាប់ពីបានឃើញពលរដ្ឋក្មេងចាស់ប្រុសស្រី ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយបរិយាកាសសប្បាយរីករាយ និងសុខសុវត្ថិភាព ពិសេសការចូលរួមកម្ម ក្នុងកម្មវិធីសង្ក្រាន្តស្ទើគ្រប់ទីកន្លែងយ៉ាងច្រើន។

យ៉ាងណាមិញ សម្ដេចក៏បានសម្ដែងការសោកស្ដាយ ចំពោះពលរដ្ឋរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងកំឡុងពេលចូលឆ្នាំថ្មីនេះ ប៉ុន្តែទន្ទឹមនឹងនេះ សម្ដេចបានកោតសរសើអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ក្រុមការងារយុវជន និងភាគីពាក់ព័ន្ធ ដែលរួមគ្នាធ្វើឲ្យពលរដ្ឋមានភាពរីករាយ ក្នុងបរិយាកាសសុខ និងសន្តិភាពពេញផ្ទៃប្រទេស។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោ ស ខេង បានអំពាវនាវប្រជាពលរដ្ឋជាជីដូនជីតាឪពុកម្ដាយអាណាព្យាបាល និងព្រះសង្ឃ បង្កើនការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការទេសនា និងនិយាយអប់រំណែនាំកូនចៅ និងពុទ្ធបរិស័ទ ចៀសឲ្យផុតពីគ្រឿងញៀន និងចូលរួមរាយការណ៍ឲ្យសមត្ថកិច្ច អំពីករណីគ្រឿងញៀន៕